ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញបើកព្រឹត្តិការណ៍ប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្ត ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥ នេះ បានអញ្ជើញបើកព្រឹត្តិការណ៍ ប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្ត ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ – ២០២៥ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណកីឡាដ្ឋាន មុខមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានថ្លែងក្នុងឱកាសនោះថា សូមឱ្យអត្ថន័យនៃការប្រកួតកីឡាដ៏មានតម្លៃនៅថ្ងៃនេះ បានស្ថិតក្នុងក្របេះដូងយុវជន យុវនារីជានិច្ច និងសូមឱ្យយុវជន យុវនារីគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ជាពិសេស កីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍន៍ផ្នែករាងកាយ បញ្ញាស្មារតី សីលធម៌ ឱ្យសមស្របទៅតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ។

លោកអភិបាលខេត្ត ក៏បានយកឱកាសនោះ ផ្ដាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំហ្វឹកហាត់បច្ចេកទេសបន្ថែមទៀត ដោយឈរលើកត្តាសាមគ្គីភាព បទបញ្ញត្តិ បទពិសោធន៍ពេលប្រកួត វិន័យពេលប្រកួត និងសីលធម៌ពេលប្រកួត ហើយត្រូវរក្សាឱ្យបានល្អបំផុតនៅពេលប្រកួត ជៀសវាងកុំឱ្យមានភាពខុសឆ្គងដោយប្រការណាមួយ ដែលខុសពីបទបញ្ញត្តិ និងលក្ខន្តិកៈ ដែលគណៈកម្មការបច្ចេកទេសបានណែនាំមុនពេលប្រកួត គឺដាច់ខាតត្រូវតែមានវិន័យ និងសីលធម៌ជានិច្ច ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។

លោកអភិបាលខេត្តក៏បានសម្ដែងនូវការកោតសរសើរចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានសហការយ៉ាងល្អជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក វិស័យឯកជន នាំគ្នាគាំទ្រ និងលើកស្ទួយដល់វិស័យកីឡា និងសូមឱ្យកីឡាករ កីឡាការិនីទាំងអស់ សូមខិតខំប្រឹងប្រែងហ្វឹកហាត់ និងគោរពវិន័យក្នុងពេលប្រកួតឱ្យបានខ្ជាប់ខ្ជួន ឈានដណ្ដើមយកជ័យជម្នះជូនមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុករបស់ខ្លួន និងបានក្លាយខ្លួនជាកីឡាករ កីឡាការិនី ដ៏ឆ្នើមសម្រាប់ឈានបន្តទៅចូលរួម ក្នុងការប្រកួតនៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។

លោក អ៊ុន ចាន់ដា ក៏បានសំណូមពរឱ្យក្រុមកីឡាករ កីឡាករ កីឡារិនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី និងក្មួយៗសិស្សានុសិស្សទាំងអស់ គប្បីជ្រើសរើសយកការលេងកីឡាផ្សេង ៗ ទៅតាមជំនាញ និងចំណង់ចំណូលចិត្តរបស់ខ្លួន ហើយត្រូវចៀសវាងឱ្យឆ្ងាយពីការប្រើប្រាស់ គ្រឿងញៀន គ្រឿងស្រវឹង ការលេងល្បែងស៊ីសង ការបង្កបក្សពួក បងធំ បងតូច ក្មេងទំនើង និងការប្រព្រឹត្តភាពអសកម្មនានានៅក្នុងសង្គម ៕

To Top