ភ្នំពេញ ៖ ថ្ងៃ៧ មករា ជាថ្ងៃរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាថ្ងៃកំណើតទី២ នៃពលរដ្ឋខ្មែរ ។ ចាប់ពីពេលនោះមករហូតដល់បច្ចុប្បន្ន ស្មារតីថ្ងៃ៧មករា បានដិតដាមជាប់ក្នុងចិត្ត ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប ប្រកបដោយក្តីកតញ្ញុតា ការគោរព ដឹងគុណចំពោះឥស្សរជនគ្រប់ៗរូប ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញា ស្មារតី យកជីវិតធ្វើជាដើមទុន ក្នុងបេសកកម្មស្វែងរកសន្តិភាព និងសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាជន។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ក្រុមសហជីព និង កម្មករនិយោជិត បានលើកឡើងថា ជ័យជម្នះ ៧ មករា គឺជាថ្ងៃកំណើត ទី២ របស់ពួកគាត់ក៏ដូច ជាប្រជាជនកម្ពុជា ទាំងមូល មានជ័យជម្នះ ៧ មករា ទើបប្រជាជនកម្ពុជាមានអ្វីៗគ្រប់សព្វបែបយ៉ាងនៅថ្ងៃនេះ។ ចំណុចសំខាន់មួយទៀតនោះ ពួកគាត់មើលឃើញថា ឆ្នាំ២០២៥នេះ គឺជ័យជម្នះ ៧មករា មានអាយុកាល ៤៦ឆ្នាំមកហើយ ដែលជ័យជម្នះនេះធ្វើប្រទេសមានឱកាសក្នុងការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសទាក់ទាញការវិនិយោគបង្កើតឲ្យមានរោងចក្រ ធ្វើឲ្យពួកគាត់មានការងារធ្វើ មានមុខរបរ មានចំណូលចិញ្ចឹមគ្រួសារ មានការជួបជុំសប្បាយរីករាយ និងរស់នៅប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ។
គួរបញ្ជាក់ថា ការស្អប់ ការទើស ការច្រណែនឈ្នានីស ភ្លើងសង្គ្រាម ការព្រាត់ប្រាស់ ការឈឺចាប់ ការបំភ្លេចបំផ្លាញ ការដណ្តើមអំណាចរដ្ឋ គឺតែងកើតមានគ្រប់សម័យកាលក្នុងប្រវត្តិសាស្ត្រខ្មែរ តែសន្តិភាពយូរអង្វែង ដែលនាំឲ្យប្រទេសខ្មែរមានការអភិវឌ្ឍ រីកចម្រេីនដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺរកមកបានដោយលំបាកបំផុត។ ក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ នៃថ្ងៃជ័យជម្នះ ៧ មករា សូមឱ្យស្មារតីថ្ងៃរំដោះជាតិដែលមិនអាចកាត់ថ្លៃបាននេះ ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់ៗរូប និងសូមស្មារតី ៧ មករា ជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ ស្ថិតនៅជាអមតៈក្រោមម្លប់ សុខសន្តិភាពជារៀងរហូត៕