ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ នៅថ្ងៃ៦ មករា នេះបានចេញមកអះអាងយ៉ាងច្បាស់ៗថា នគរបាល ឈ្មោះប៊ុន ភក្តី ពាក់សិក្ត័ផ្កាយ២លើស្មាន គឺជាជនជាតិខ្មែរសុទ្ធសាធ មិនមែនជាជនជាតិ វៀតណាមនោះទេ ។
ការលើកឡើងរបស់លោក ទូច សុឃៈនេះ បន្ទាប់ពីមានការចែកចាយ ពាសពេញបណ្តាញសង្គមថា នគរបាល ប៊ុន ភក្តីនេះ គឺជាជនជាតិវៀតណាម ហើយក៏បានចោទប្រកាន់ថា ប៊ុន ភក្តី ក៏បានពាក់ផ្កាយលឿនផងដែរ ខណៈទើបបានចូលសញ្ញាតិតូបនីយ៍កម្ម (ទទួលសញ្ជាតិខ្មែរ)។
លោក ទូច សុឃៈបានមានប្រសាសន៍ តបទៅនឹងករណីចោទប្រកាន់ថា លោក ប៊ុន ភក្តីគឺជនជាតិខ្មែរ សញ្ជាតិខ្មែរតាំងពីកំណើត ហើយបានសិក្សាតាំងពីថ្នាក់ បឋមសិក្សារហូតដល់ថ្នាក់មហាវិទ្យាល័យ និង បន្តមកសិក្សាថ្នាក់អនុបណ្ឌិតថ្នាក់វិទ្យាសាស្ត្រនគរបាល និងជាបេក្ខជនបណ្ឌិតផ្នែកវិទ្យាសាស្រ្តនគរបាល នៅរាជបណ្ឌិតសភា នគរបាលកម្ពុជា ។
លោកបន្តថា បច្ចុប្បន្ន ប៊ុន ភក្តី ជាប្រធានវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលនៃរាជបណ្ឌតសភានគរបាលជាតិកម្ពុជា ។
អ្នកនាំពាក្យរូបនេះគូសបញ្ជាក់ថា “គាត់(ប៊ុន ភក្តី)មិនមែនជាជនជាតិវៀតណាមនោះទេ គឺជាជនជាតិខ្មែរពីដើមកំណើត ម៉ែឪគាត់ជាខ្មែរ បងប្អូនសាច់ញាតិគាត់ គឺជាខ្មែរពីកំណើតទាំងអស់។ អ្វីដែលជាការយកទៅបង្ហោះនោះ គឺជាការលាបពណ៌ដែលធ្វើឲ្យមហាជនយើងមានការភាន់ច្រឡំ ហើយក៏ជាប្រធានបទ របស់អ្នកនយោបាយដែរ ។ ដោយសារបញ្ហារឿងជនបរទេសជាពិសេសជនជាតិវៀតណាមគឺជាប្រធានបទរសើប និងក្តៅដែលឆាប់ ធ្វើឲ្យមហាជនមានការផ្ញោចអារម្មណ៍ ចឹងហើយបានជាគេយកប្រធានបទហ្នឹង យកមកផ្សព្វផ្សាយបំផុសបំផុលនាំឲ្យមានការភាន់ច្រឡំ” ។
លោក ទូច សុឃៈអះអាងបន្តថា ចំពោះការបំផុសបំផុលរបស់ក្រុមប្រឆាំងទាំងនោះគឺខុសទៅនឹងច្បាប់ព្រហ្មទណ្ឌដែលត្រូវទទួលទោសតាមផ្លូវច្បាប់។ ជាមួយគ្នានេះ ក្នុងនាមនាំពាក្យក្រសួងមហាផ្ទៃ លោកទូច សុឃៈក៏បានអំពាវនាវឲ្យបញ្ឈប់ការផ្សាយជាបន្ទាន់ ព្រោះមិនមែនជាការពិតនោះទេ ។
លោកអ្នកនាំពាក្យក៏បានលើកឡើងពីការផ្តល់សញ្ជាតិដែរថា ការផ្តល់សញ្ជាតិរបស់កម្ពុជាឲ្យជនបរទេសក៏មិនខុសពីបរទេសផ្តល់សញ្ជាតិឲ្យជនជាតិខ្មែរដែរ ព្រោះការផ្តល់សញ្ជាតិរបស់ខ្មែរទៅជនបរទេសមិនមែនចេះផ្តល់ឲ្យនោះទេ គឺធ្វើឡើងទៅតាមច្បាប់យ៉ាងត្រឹមត្រូវ។
សូមបញ្ជាក់ថា ចំពោះការផ្សព្វផ្សាយពីប៉ូលិសនេះ លោក ប៊ុន ភក្តីដែលកើតនៅថ្ងៃនៅទី៥ ខែមេសា ឆ្នាំ១៩៨៦ នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវជាសាមីខ្លួនផ្ទាល់ក៏បានមុខមកច្រានចោលចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះដែរ ។ ដោយលោកបានបង្ហាញពីប្រវត្តិផ្ទាល់ខ្លួន និងសិក្សា ជៀសវាងមានការយល់ច្រឡំ ៕