ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកតាមដានស្ថានការណ៍នយោបាយ បានបង្ហាញទស្សនអំពីថ្ងៃជ័យជម្នះ ៧មករាថា គឺជាសច្ចភាពប្រវត្តិសាស្ត្រកម្ពុជាពិតដែលជាមេរៀន សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលត្រូវតែបញ្ចៀសការវិលត្រឡប់មកវិញ នូវបដិវត្តន៍ការកាប់សម្លាប់ជាតិសាសន៍ខ្មែរគ្នាឯង ហើយបើមនុស្សមួយចំនួន នទទួលស្គាល់ថ្ងៃ៧ មករាទេ ស្មើនឹងការប្រមាថជីវិតអ្នកស្លាប់ជាង៣លាននាក់ កាលពីសម័យប៉ុលពត ។
បណ្ឌិយង់ ពៅ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៦ មករា មុនមួយថ្ងៃនៃការប្រារព្ធអង់មីទ្ទីញ៧មករា នាថ្ងៃស្អែកថា ៤៦ឆ្នាំក្រោយ ជ័យជម្នះលើរបបកម្ពុជាប្រជាធិបតេយ្យ ព្រឹត្តិការណ៍៧មករា នៅតែមានតម្លៃជាសច្ចភាពប្រវត្តិសាស្ត្រ មិនអាចប្រកែកបានសម្រាប់ប្រជាជាតិខ្មែរទាំងមូល។ ថ្ងៃទី៧ មករា គឺជាថ្ងៃដ៏សំខាន់ចារឹកក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលកម្ពុជាបានរំដោះខ្លួនចេញពីរបបវាលពិឃាត កាលពីឆ្នាំ១៩៧៩។
លោកបន្តថា មេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថាខ្មែរក្រហម បានកាប់សម្លាប់ជាតិសាសន៍ឯងយ៉ាងរង្គាល បង្អត់អាហារ និងបង្ខំមនុស្សឱ្យធ្វើការបាក់កម្លាំង រហូតដល់ត្រូវបានគេអះអាងថា អ្នករស់នៅក្នុងរបបនេះ ប្រៀបបានរស់នៅក្នុងគុកឥតជញ្ជាំងដូច្នោះដែរ។ ហេតុនេះហើយ ទើបឥស្សរជននយោបាយខ្មែរមួយចំនួន បានប្រកាសបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ឬហៅថារណសិរ្ស២ធ្នូ ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីការគ្រប់គ្រង ដ៏ឃោរឃៅយង់ឃ្នង់របស់ក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។ រណសិរ្ស២ធ្នូ បានប្រមែប្រមូលកម្លាំងអ្នកតស៊ូ អ្នកស្នេហាជាតិ ព្រមទាំងបានពឹងពាក់លើ ជំនួយយោធាពីកងទ័ពវៀតណាមផងដែរ ដើម្បីឈានទៅផ្ដួលរំលំរបបខ្មែរក្រហម ដោយបានវាយចូលទីក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ក្នុងនាមលោកបណ្ឌិតផ្ទាល់ គឺជាសាក្សីរស់មួយរូបនៅរួចរស់រានមានជីវិត ពីក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បានឱ្យដឹងទៀតថា ជ័យជម្នះ ៧ មករា ១៩៧៩ ត្រូវបានកំណត់ថាជាការផ្ដួលរំលំ នូវរបបកម្ពុជាប្រជាធិបតេយ្យ តាមរយៈការដណ្ដើមកាន់កាប់បានទីក្រុងភ្នំពេញ ដែលជារដ្ឋធានី និងជាទីតាំងបញ្ជាការ របស់ក្រុមមេដឹកនាំខ្មែរក្រហម។
លោកថា “ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាសច្ចភាពមួយដែលគេមិនអាចប្រកែកបាន ហើយការមិនទទួលស្គាល់សច្ចភាពនៃប្រវត្តិសាស្ត្រនេះទេ មានន័យថាយើងបានប្រមាថជនជាតិខ្មែរ ដែលបានស្លាប់ទៅរាប់លាននាក់ និងក៏ជាការប្រមាថអាយុជីវិត អ្នកដែលបានរស់រានមានជីវិត ក៏ដូចជាប្រមាថទៅដល់អ្នកជួយសង្គ្រោះជីវិត របស់ប្រជាជនខ្មែរផងដែរ” ។
លោកបណ្ឌិតថា ហេតុនេះហើយ ប្រជាជនកម្ពុជា ត្រូវតែចាត់ទុកថ្ងៃ៧មករា គឺជាថ្ងៃដែលត្រូវតែចងចាំ ជាសច្ចភាពនៅក្នុងប្រវត្តិសាស្ត្រ ដែលមិនអាចបំភ្លេចបាន និងជាមេរៀនសម្រាប់ជាតិខ្មែរ ត្រូវធ្វើយ៉ាងណាបញ្ចៀសកុំឱ្យព្រឹត្តិការណ៍នេះ កើតមានឡើងជាថ្មីម្ដងទៀតនៅក្នុងសង្គមកម្ពុជា ។ បន្ថែមពីនេះលោកអះអាងថា ជាមួយគ្នានេះ ជីវិតប្រជាជានខ្មែរនាពេលនោះ ស្ទើរតែបាត់បង់ទាំងស្រុង ហើយប្រសិនបើមិនមានការរំដោះ និងសង្គ្រោះទាន់ពេលវេលានោះទេ ខ្មែរអាចបាត់ពីផែនទីពិភពលោកតែម្ដង ដោយអាចត្រូវបានប្រទេសដទៃក្បែរខាង មកទន្ទ្រានកាន់កាប់ទឹកដីខ្មែរតែម្ដង ដោយសារតែជនជាតិខ្មែរបានថយចុះចំនួន យ៉ាងគំហុកដោយសារតែការសម្លាប់រង្គាល។
លោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់ផងដែរ អំពីការលើកឡើងរបស់អ្នកនយោបាយជំទាស់ខ្លះ ដែលតែងតែអះអាងមិនទទួលស្គាល់ គុណតម្លៃនៃថ្ងៃជ័យជម្នះ ៧មករា និងតែងតែបានរិះគន់ថា ថ្ងៃនោះគឺជាពេលវេលាដែលវៀតណាម បានឈ្លានពានប្រទេសកម្ពុជាជាដើម។ សម្រាប់លោកបណ្ឌិត នេះគឺជាសច្ចភាពប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបាន ហើយកម្ពុជាក្រោមការដឹកនាំ របស់មេខ្មែរក្រហមនាពេលនោះ ពលរដ្ឋខ្មែរបានរងគ្រោះយ៉ាងធ្ងន់ធ្ងរ និងដង្ហើយហៅរកការជួយសង្គ្រោះ ដើម្បីរួចផុតពីនរកលើផែនដីនៃរបបដ៏យង់ឃ្នង។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៧ មេសា ១៩៧៥ ដែលជាថ្ងៃយកជ័យជម្នះទាំងស្រុងលើរបប លន់ នល់ ដែលពួកគេចោទថាជារបបអាយ៉ងចក្រព័ត្តិនិយមអាម៉េរិក ព្រមទាំងអះអាងថា គ្មានសម័យកាលណាក្នុងប្រវត្តិសាស្ត្រខ្មែរដែលរុងរឿង និងឯករាជ្យជាងរបបខ្លួននោះឡើយ។ ផ្ទុយស្រឡះពីការលើកឡើងនេះ ខ្មែរក្រហមបានជម្លៀសប្រជាជានចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានា ឱ្យទៅធ្វើការបាក់កម្លាំងរហូតដល់មានជំងឺ ស្លាប់ និងរងទុក្ខវេទនាយ៉ាងដំណំ ព្រមទាំងបានធ្វើវិសុទ្ធកម្មផ្ទៃក្នុង សម្លាប់បញ្ញវន្ត សម្លាប់អ្នករដ្ឋការសម័យមុនស្ទើរតែទាំងអស់។ ជាលទ្ធផល អ្នកនៅរស់រានមានជីវិតភាគច្រើន សុទ្ធសឹងតែជាអ្នកទន់ខ្សោយទាំងកម្លាំងពលកម្ម និងបញ្ញាស្មារតី ដែលការណ៍នេះ ត្រូវបានលោកបណ្ឌិតអះអាង ថាជាការដឹកនាំតាមបែបសង្គមទាសភាពអាណាធិបតេយ្យ សម្លាប់គ្មានរើសមុខទាល់តែសោះ៕