លោក៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមវិស្វកម្ម និងត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ដែលមានប្រវែងជាង ២១ គីឡូម៉ែត្រ ពីទីរួមស្រុក ឆ្ពោះទៅកាន់ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
បើតាមលោក សំ លាងទ្រី ប្រធានក្រុមវិស្វករស្ថាបនាផ្លូវ របស់លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានរាយការណ៍បញ្ជាក់ថា អស់រយៈពេលជាង ២០ថ្ងៃ ក្រោយពីការបើកការដ្ឋានស្ថាបនា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដែលបច្ចុប្បន្ននេះ ក្រុមវិស្វកម្មរបស់លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានឈូសឆាយពង្រាបផ្លូវសម្រួលដល់ការធ្វើដំណើរបានរួចរាល់ លើប្រវែងកំណត់ផ្លូវជាង២១គីឡូម៉ែត្រ ហើយកបានចាក់ដីក្រាលគ្រួសក្រហម និងកិនបង្ហាប់ តាមលក្ខណៈស្តង់ដារបច្ចេកទេស បានប្រវែង៨ គីឡូម៉ែត្រ រួចហើយ និងត្រៀមដាក់លូប្រអប់មួយកន្លែង និងលើកកម្ពស់ផ្លូវដែលត្រូវជនលិច ក្នុងរដូវវស្សាកម្ពស់១,៨០ម៉ែត្រ មានប្រវែង១៨០ ម៉ែត្រ ។ ចំពោះកំណត់ផ្លូវប្រវែង ២១,២៥០ ម៉ែត្រនេះនិងស្ថាបនាឲ្យបានរួចរាល់នៅមុនបំណាច់ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ។
ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមវិស្វកម្ម ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការបម្រើជូនប្រជាជន នៅក្នុងមូលដ្ឋានស្រុកសណ្ដាន់ ដើម្បីបានធ្វើដំណើរមានភាពងាយស្រួល និងបានណែនាំដល់ក្រុមវិស្វកម្មទាំងអស់ ត្រូវខិតខំប្រឹងប្រែងស្ថាបនាផ្លូវ ស្របតាមលក្ខណៈបច្ចេកទេសប្រកបដោយគុណភាព និងឱ្យបានរួចរាល់ឆាប់រហ័ស ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជនក្នុងារដឹកជញ្ជូនសមិទ្ធផលនានា របស់ពួកគាត់បានទាន់ពេលវេលា។
លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលបានផ្ដល់ផ្លូវលំក្រោយគ្រួសក្រហមមួយខ្សែនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាជន នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានឧបត្ថម្ភជូននូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាក្នុងម្នាក់ៗ ចំនួន១០០ដុល្លារសហរដ្ឋអាមេរិក ជូនដល់ក្រុមវិស្វកម្ម ចំនួន ២០នាក់ ដែលកំពុងតែស្ថាបនាផ្លូវនេះ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីប្រើប្រាស់ តាមតម្រូវការជាក់ស្តែងរបស់បងប្អូនផងដែរ៕