ពោធិ៍សាត់ ÷ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា នៅព្រឹកថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២៥ បានសម្តែងការអបអរសាទរ ដល់ក្រុមកីឡាការិនី របស់ក្លឹបបាល់ទះ មន្ទីរអប់រំយុវជន និងកីឡាខេត្តពោធិ៍សាត់ ដែលបានចូលរួមប្រគួតប្រជែង រហូតដណ្តើមបានជ័យលាភីពានរង្វាន់លេខ ១ ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡា បាល់ទះវិញ្ញាសារនារី របស់ឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿន និង ជាប្រធានកិត្តិយសសហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យជំនះ ៧ មករា( ៧ មករា ១៩៧៩-៧ មករា ២០២៥)នៅពហុកីឡាដ្ឋានជាតិ ។
សូមបញ្ជាក់ថា នាល្ងាចថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២៥ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និង ជាប្រធានកិត្តិយស សហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតពានរង្វាន់ កីឡាបាល់ទះប្រចាំឆ្នាំ ២០២៥ ដើម្បីអបអរសាទរទិវាជ័យជំនះ ៧ មករា( ៧-១-១៩៧៩-៧-១-២០២៥)ដោយមានការចូលរួមប្រកួតប្រជែងពីសមាគម និង ក្លិបចំនួន ១២ ក្រុម ក្នុងនោះនារីចំនួន ៨ ក្រុម និង បុរសចំនួន ៤ ក្រុម ។
ចំពោះលទ្ធផលបិទ បញ្ចប់ការប្រកួតលើវិញ្ញាសារបាល់ទះនារីគឺ ជ័យលាភីលេខ ១ បានទៅលើក្លិបបាល់ទះមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់,ជ័យលាភីលេខ ២ បានទៅលើក្លិបបាល់ទះមន្ទីរ អប់រំយុវជន និងកីឡាខេត្តកណ្តាល និង ជ័យលាភីលេខ ៣ បានទៅលើក្លិបបាល់ទះមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា នេះជាមោទនភាពថ្មីមួយទៀត សម្រាប់ខេត្តពោធិ៍សាត់ របស់យើង លើវិស័យអប់រំកាយនិងកីឡា ដែលបានលើកមុខ លើកមាត់ ដល់ខេត្តពោធិ៍សាត់ របស់យើងកាន់តែត្រូវបានគេទទួលស្គាល់ ខណះដែលថ្មីៗនេះព្រឹត្តិការណ៍ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុករយះពេល ៣ ថ្ងៃ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១៤-១៥-១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅទូក “ង”ខេត្តពោធិ៍សាត់របស់យើងក៍បានជាប់ចំណាត់ថ្នាក់លេខ ១,លេខ ៦ និង លេខ ២៧ ជាទូកដែលមានល្បឿនលឿនដាច់គេ ក្នុងទូកអុំគូរពិសេសផងដែរ ៕