ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្រុមក្មេងទំនើង៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

" "

ភ្នំពេញ៖​ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនក្មេងទំនើង​ ចំនួន០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ប្រើដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស)។

សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ០០និង៣០នាទី យប់ឈានចូល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយ ជនសង្ស័យមួយក្រុមជិះម៉ូតូ ០៥គ្រឿង បានធ្វើសកម្មភាពយកដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស ខ្នង និងដៃឆ្វេង នៅចំណុចមុខភោជនីយដ្ឋានម្លប់ធ្នង់ ផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

" "

ភ្លាមៗនោះ ក្រោយពេលទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ បានចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួន ក្មេងទំនើងចំនួន ០៣នាក់ រួមមាន ១-ឈ្មោះ ពៅ ម៉េងហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ, ២-ឈ្មោះ រិទ្ធ ជានី ភេទប្រុស អាយុ១៧ឆ្នាំ, ៣-ឈ្មោះ វង្ស ចិត្រា ភេទប្រុស ១៦ឆ្នាំ នាំយកមកស្តាប់ចម្លើយ​ អំពីរឿងហេតុ និងចាត់ការតាមនីតិវិធី ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។ 

" "

វត្ថុតាងចាប់យកមានដូចជា៖ កាំបិតផ្គាក់ ចំនួន ០១ដើម, ម៉ូតូ ០២គ្រឿង ១-ម៉ាកបីត ពណ៌ក្រហម-ស ស្លាកលេខ ភ្នំពេញ 11B-5909, ២-ម៉ាកហុងដា សេ១២៥ ស៊េរី០១៩ ពណ៌ខ្មៅ ស្លាកលេខ ត្បូងឃ្មុំ 1G-4757។

ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៣នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានចូលរួមជាមួយបក្ខពួកផ្សេងទៀត ប្រព្រឹត្តអំពើហិង្សាខាងលើ ប្រាកដមែន៕

To Top