ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី មីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ( ០៧.០១.១៩៧៩ – ០៧.០១.២០២៥ ) នៅកោះពេជ្រ ។
ថ្ងៃ៧មករា គឺជាថ្ងៃមហាជ័យជម្នះជាប្រវត្តិសាសស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះជាតិ និងអាយុជីវិតប្រជាជនពីរណ្តៅជ្រោះមរណៈបានទាន់ពេលវេលា។ មហាជ័យជម្នះ ៧មករានេះ បានបើកឡើងនូវទំព័រសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ជ័យជម្នះ ៧មករា បានដណ្តើមមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយផ្តើមចេញពីមហាជ័យជម្នះនេះ ប្រជាជនកម្ពុជារួបរួមគ្នា ប្រមូលកម្លាំងមហាសាមគ្គីជាតិ ក្រោមការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជា ឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើនឥតគណនាសម្រេចបានជោគជ័យ ក្នុងការស្ដារ កសាង និងការពារមាតុភូមិ ការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ ធ្វើឱ្យប្រទេសជាតិបានរួចផុត ពីស្ថានភាពដែលវិនាសខ្ទេចខ្ទី និងសង្គ្រាមរ៉ាំរ៉ៃ ឈានដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសុខសន្តិភាព។
ការប្រារព្ធខួបនៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រជារៀងរាល់ឆ្នាំ ក្នុងស្មារតីចងចាំជា និច្ចនូវមហាឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវ គុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធនិងធ្វើពលិកម្មយ៉ាងអង់អាចលើសមរភូមិ ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ និងទប់ស្កាត់មិនឱ្យ របបដ៏យង់ឃ្នង់នេះ អាចវិលត្រឡប់មកវិញបាន៕