ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្គាល់គណៈកម្មការសម្របសម្រួល ការងារផ្នែកឯកជន សម្រាប់យន្តការវេទិការ រាជរដ្ឋាភិបាល-ផ្នែកឯកជន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចទទួលស្គាល់គណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន មានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាប្រធាន។

សូមបញ្ជាក់ថា គណៈកម្មការសម្របសម្រួល ការងារផ្នែកឯកជន មានភារកិច្ចដូចជា ៖

១- បំពេញតួនាទីជាតំណាង ឱ្យក្រុមការងារតាមវិស័យនៃផ្នែកឯកជន ដើម្បីសម្របសម្រួលជាមួយ គណៈកម្មាធិការ សម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) និងជាច្រកចេញ-ចូលតែមួយ របស់ផ្នែកឯកជន ក្នុងការសម្របសម្រួល ពិនិត្យ និងបូកសរុបនូវ បញ្ហាប្រឈមនិងសំណូមពរនានារបស់វិស័យឯកជន ជូនក្រុមការងារតាមវិស័យផ្នែករាជរដ្ឋាភិបាលពិនិត្យនិងដោះស្រាយ ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

២- ដឹកនាំការសម្របសម្រួល ពិនិត្យ តាមដាន និងវាយតម្លៃសកម្មភាពនៃក្រុមការងារតាមវិស័យនីមួយៗ នៃផ្នែកឯកជន និងជំរុញការដោះស្រាយបញ្ហាប្រឈមនានា ឬសំណូមពររបស់វិស័យឯកជន ជាមួយ ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ក្រោមយន្តការ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងយន្តការ ពាក់ព័ន្ធដទៃទៀត ក្នុងគោលដៅលើកកម្ពស់ បរិយាកាសធុរកិច្ចនិងធុរកិច្ច។

៣- ចូលរួមសហការជាមួយ គ.ស.រ.ជ. ក្នុងកិច្ចការសម្របសម្រួល និងរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

៤- ទទួលបន្ទុកសម្របសម្រួលជាមួយ គ.ស.រ.ជ. ក្នុងការស្នើសុំរាជរដ្ឋាភិបាល រៀបចំបង្កើតបន្ថែម ឬរំលាយក្រុមការងារ និងស្នើសុំតែងតាំង ឬផ្លាស់ប្តូរសហប្រធាន អនុប្រធាន សមាជិកក្រុមការងារ តាមវិស័យនៃក្រុមការងារផ្នែកឯកជន តាមការចាំបាច់។

៥- សម្របសម្រួល ជូនដំណឹងដល់វិស័យឯកជន ឱ្យបានជ្រាបអំពីលទ្ធផលនិងវិធានការនានា ដែលរាជរដ្ឋាភិបាល បានសម្រេចនៅក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក៏ដូចជាលទ្ធផល និងវិធានការ នានា ដែលក្រុមការងារ តាមវិស័យផ្នែក រាជរដ្ឋាភិបាល និងផ្នែកឯកជនបានសម្រេចរួមគ្នា។

៦- តាមដាននិងជំរុញការអនុវត្តភារកិច្ច នៃក្រុមការងារ តាមវិស័យនីមួយៗរបស់ផ្នែកឯកជន ព្រមទាំង តាមដានវឌ្ឍនភាពក្នុងការ ដោះស្រាយបញ្ហាពីស្ថាប័នមានសមត្ថកិច្ច។

៧- រៀបចំតាក់តែងនីតិវិធីប្រតិបត្តិស្តង់ដា សម្រាប់ក្រុមការងារតាមវិស័យ នៃផ្នែកឯកជន ដើម្បីធានា ប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។

៨- អនុវត្តភារកិច្ចផ្សេងទៀត តាមការស្នើសុំសម្របសម្រួល ពីក្រុមការងារទាំងអស់នៃផ្នែកឯកជន៕

To Top