ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រះរាជាណចក្រកម្ពុជា និងបន្តអភិវឌ្ឍក្នុងសន្តិភាព ហើយប្រជាជននឹងមិនត្រូវពួកឃាតកកាប់ស្លាប់រង្គាលនោះឡើយ និងបានប្តេជ្ញាទប់ស្កាត់ការដណ្តើមអំណាច ដោយរំលោភបំពានរដ្ឋធម្មនុញ្ញ ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធី មីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ( ០៧.០១.១៩៧៩ – ០៧.០១.២០២៥ ) នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រដ្ឋប្រហារ១៨ មីនា ១៩៧០ របស់ពួកលន់ នល់ តាមខ្សែញាក់ របស់បរទេស គឺជាឈ្លួននៃភ្លើង សង្គ្រាមពេញទំហឹង ដែលបានធ្វើឱ្យសន្តិភាព ដែលខ្វះស្ថិរភាពនៅកម្ពុជា ត្រូវបាត់បង់ទាំងស្រុង បង្ករនូវវិនាសកម្មដល់ជាតិ ដែលពុំអាចគណនាបាន ហើយរុញច្រានឱ្យកម្ពុជា ធ្លាក់ក្នុងគ្រោះមហ្តរាយ ប្រល័យពូជសាសន៍ ច្បាស់ណាស់ថា បើគ្មានរដ្ឋប្រហារនេះ ក៏គ្មានរបបប្រល័យពូជសាសន៍ដែរ ។
ក្នុងនោះសម្តេចតេជោ បានសង្កត់ធ្ងន់ថា «ព្រះរាជាណចក្រកម្ពុជា និង បន្តអភិវឌ្ឍក្នុងសន្តិភាព ប្រជាជននឹងមិនត្រូវ ពួកឃាតក កាប់ស្លាប់រង្គ្រានោះឡើយ»។
អាស្រ័យហេតុនេះ សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាទប់ស្កាត់ នូវរាល់សកម្មភាព ដែលនាំទៅរកការដណ្តើមអំណាច ដោយរំលោភបំពានរដ្ឋធម្មនុញ្ញ ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋផងដែរ៕