ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានស្នើស្ថាប័នមានសមត្ថកិច្ច យកចិត្តទុកដាក់ពង្រឹង ការអនុវត្តច្បាប់ ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ឱ្យបានម៉ឺងម៉ាត់បំផុត ។
ក្នុងពិធីអបអរសាទរខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ប្រល័យពូជសាសន៍ដែលបង្កឡើង ដោយរបបកម្ពុជា ប្រជាធិបតេយ្យ របស់ពួក ប៉ុល ពត គឺជា តថភាពប្រវត្តិសាស្ត្រមួយ ។ ឯជ័យជម្នះថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលបាន រំដោះជាតិ និងប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ គឺជាតថភាពប្រវត្តិសាស្ត្រមួយទៀត។
សម្ដេចតេជោ បន្ដថា ប្រជាជនកម្ពុជាត្រូវរង់ចាំ៤៣ឆ្នាំ ទើបទទួលបានយុត្តិធម៌ ចំពោះការទទួលរងឧក្រិដ្ឋកម្ម ដែលរបបកម្ពុជា ប្រជាធិបតេយ្យបានប្រព្រឹត្តមកលើខ្លួន ជាមួយនឹងការបិទបញ្ចប់នូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្ត ក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំក៏សូមស្នើដល់ស្ថាប័នមានសមត្ថកិច្ចយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ឱ្យបានម៉ឺងម៉ាត់បំផុតផងដែរ» ។
សម្ដេចតេជោ បន្ថែមថា សន្តិភាព និងការផ្សះផ្សា គឺជាបញ្ហាចម្បងរបស់ពិភពលោក ខណៈពេលសង្គ្រាមកំពុងតែឆាប ឆេះយ៉ាងសន្ធោរសន្ធៅនៅតាមតំបន់មួយចំនួន ដោយពាក់ព័ន្ធនឹងតួអង្គប្រកបដោយសក្តានុពលជាច្រើន ដែលគម្រាមកំហែងដល់អរិយធម៌មនុស្សជាតិ។ ប្រជាជនដែលរស់នៅក្នុងតំបន់សង្គ្រាមកំពុងស្រែកដង្ហោយ រកសន្តិភាពដែលត្រូវធ្វើឱ្យបាត់បង់ទៅ ដោយមិនដឹងថាសន្តិភាពនឹងកើតមានវិញនៅពេលណាឡើយ។
សម្ដេចតេជោ បន្ថែមទៀតថា សម្រាប់កម្ពុជា ទោះបីមានសន្តិភាពពេញលេញ ២៦ឆ្នាំមកហើយក្តី ក៏សន្តិភាពនៅតែ ជាបញ្ហា បច្ចុប្បន្នភាពក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ក្នុងពេលដែលនៅ តែមានពួកជ្រុល និយមមួយចំនួនតូច ព្យាយាមសាបព្រោះឥតឈប់ឈរ នូវនយោបាយសតិអារម្មណ៍ជ្រុលនិយមមកលើសង្គមជាតិ សំដៅអុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំង នឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលនោះគឺជាការ គម្រាមកំហែងពិតដល់សន្តិភាព។
សម្ដេចតេជោ មានប្រសាសន៍ទៀតថា «យើងបានឆ្លងកាត់ សង្គ្រាមរ៉ាំរ៉ៃជាច្រើន ទសវត្ស ដូចនេះយើងដឹងច្បាស់ ណាស់អំពីសារៈសំខាន់ដែលពុំអាចកាត់ថ្លៃបាននៃសន្តិភាព។ នៅពេលដែលគ្មានសន្តិភាព យើងមិនអាចនិយាយ ដល់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍបានឡើយ អាស្រ័យហេតុនេះ សូមយើងទាំងអស់គ្នា ពង្រឹងស្មារតី ស្រឡាញ់សន្តិភាព និង ការពារសន្តិភាព ដែលរកបាន មកដោយលំបាកបំផុតនេះ ឱ្យគង់វង្សជារៀង ដរាបលើទឹកដីមាតុភូមិ ដ៏កម្សត់របស់យើង អនុញ្ញាតដាច់ខាតឱ្យជនណា ឬកម្លាំងណាមកបំផ្លាញសន្តិភាព នេះបានឡើយ»។
សូមរំលឹកថា ៧ មករា ជាថៃ្ងបុណ្យជាតិដ៏សំខាន់ ដើម្បីរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ ប្រជាជនខ្លួនឯងអស់ជាង ៣លាននាក់ ។ ក្នុងរបបដ៏ប្រល័យនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម និងគ្មានសិទ្ធិសេរីភាពទាំងអស់ ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាព ពេញលេញឡើងវិញ ប្រទេសជាតិទាំងមូល មានសុខសន្តិភាព និង ការអភិវឌ្ឍន៍គ្រប់វិស័យ ជារួម បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗ ទាំងអស់នៅថ្ងៃនេះដែរ៕