កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ចាមបានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី ៤៦ នៅទិវាជាជំនះ៧មករា ១៩៧៩ – ២០២៥ ដែលមានប្រជាពលរដ្ឋចូលរួម សរុបប្រមាណជាង ៦ពាន់នាក់ ស្ថិតនៅបរិវេណក្បែរិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ថ្ងៃនេះ ជាខួបអនុស្សាវរីយ៍លើកទី៤៦ នៃមហាជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជារាប់លាននាក់ ឲ្យរួចផុតពីការកាប់សម្លាប់ នៃរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នងបំផុត និងបានបើកឡើង នូវសករាជថ្មីនៃកម្ពុជាគឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ផ្តើមពីជ័យជម្នះជាប្រវត្តិសាស្រ្ត ៧ មករា កម្ពុជាបាននឹងកំពុងឈានឆ្ពោះ ទៅមុខតាមទិសដៅដ៏ត្រឹមត្រូវដែលស្រប តាមបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនកម្ពុជា ទោះបីជាត្រូវជួបនឹងការលំបាក និងភាពបត់បែនយ៉ាងច្រើនក្តី តែកម្ពុជាមានភព្វសំណាងដ៏ធំធេងដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ឯក បានដឹកនាំប្រទេសជាតិ ទទួលបាននូវឯកភាពទឹកដី បង្រួបបង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរាល់សមិទ្ធផល ជាច្រើនលើគ្រប់វិស័យ កម្ពុជា បានបោះជំហានទៅមុខ មួយជំហានម្ដងៗ ឆ្ពោះទៅសម្រេចបានសមិទ្ធផលលើគ្រប់វិស័យ និងរីកចម្រើនរបស់ប្រជាជាតិខ្មែរទាំងមូល ៕