ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឱ្យដឹងថា ក្រសួង កំពុងជំរុញការងារការ កសាងសហគមន៍កសិកម្មទំនើប អាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នា ដោយមានផែនការ ផលិតកម្មច្បាស់លាស់ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ។
លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងបែបនេះនាឱកាសអនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ណែនាំដល់សហព័ន្ធត្រូវពិនិត្យ គិតគូរច្បាស់លាស់ពីការរៀបចំ អង្គការចាត់តាំងរបស់ខ្លួន និងភាពជាតំណាងដែលមានសារៈសំខាន់ ក្នុងការធ្វើពាណិជ្ជកម្ម និងកែច្នៃដំឡូងមី ដោយដាក់ធនធានរួមគ្នា ចេះធ្វើការជាមួយគ្នា យល់ច្បាស់ពីទំហំទីផ្សារពិតប្រាកដ គិតគូរពីប្រសិទ្ធសេដ្ឋកិច្ច ឈរជើងបានរឹងមាំ និងដើរត្រូវទៅតាមគោលដៅ ។
លើសពីនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាសហព័ន្ធត្រូវមានភាពបត់បែន ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានផែនការយុទ្ធសាស្រ្តជាក់លាក់ ដាំក្នុងកម្រិតរក្សាស្ថិរភាពទីផ្សារ ដោយមិនជំរុញការពង្រីកផ្ទៃដីផលិតកម្ម ជៀសវាងធ្វើឱ្យតម្លៃធ្លាក់ចុះ។
បើតាម លោករដ្ឋមន្ត្រី ក្រសួងកសិកម្ម បាននឹងកំពុងជំរុញការងារ ការកសាងសហគមន៍ កសិកម្មទំនើប ដែលអាចប្រមូល ផ្តុំប្រជាកសិករ ដាំដុះរួមគ្នាដោយមានផែនការ ផលិតកម្មច្បាស់លាស់ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានស្តង់ដាបច្ចេកទេស ត្រឹមត្រូវ និង មានទីផ្សារពិតប្រាកដ ហើយសហព័ន្ធដំឡូងមីកម្ពុជា ត្រូវផ្តោតទៅលើការធ្វើពាណិជ្ជកម្មដំឡូងមីស្រស់ និងការកែច្នៃដំឡូងមីក្រៀមសម្រាប់នាំចេញ ជៀសជាងការដាំដុះប្រកួតប្រជែង ជាមួយប្រជាកសិករ។
ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់សហព័ន្ធបន្តសហការជាមួយក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យមានភាពបន្ស៊ីគ្នា ដោះស្រាយបញ្ហាប្រឈមនានា និង ជោគជ័យទាំងអស់គ្នា ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រជាកសិករពិតប្រាកដ ៕