ស្វាយរៀង ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអំពាវនាវឱ្យប្រជាជនគ្រប់លំដាប់ថ្នាក់ បន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។
ការអំពាវនាវរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ នាឱកាសអញ្ជើញ ដឹកនាំពិធីមីទ្ទីងរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៥) នៅសាលាក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ជូនដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងក្រុងបាវិតទាំងមូល។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ប្រាប់ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យចងចាំនូវខ្លឹមសារជាប្រវត្តិសាស្រ្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលខ្លឹមសារនេះ ពោរពេញទៅដោយអត្ថន័យ និងបានឆ្លុះបញ្ចាំងពីការតស៊ូ និងការលះបង់ប្រកបដោយគ្រោះថ្នាក់ និងស្នាដៃដ៏ត្រចះត្រចង់កើតចេញពីគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជនកម្ពុជា ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា រយៈពេល ៤៦ឆ្នាំនេះ រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននឹងកំពុងជួសជុលនូវស្លាកស្នាមដ៏សែនជូរចត់ និងឈឺចាប់បំផុតពីអតីតកាល ក៏ដូចជាបាននឹងកំពុងថែទាំ និងកសាងនូវសមិទ្ធយ៉ាងច្រើនសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានរំលឹកឱ្យប្រជាជនកម្ពុជាទាំងអស់ ត្រូវចងចាំ និងត្រូវខិតខំពុះពារគ្រប់បែបយ៉ាង កុំឱ្យប្រវត្តិសាស្រ្តបែបនេះកកើតឡើងជាលើកទី២នៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានអំពាវនាវ ឱ្យប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ បន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយល្អប្រសើរឡើង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចគឺជាបញ្ញាវន្ត និងជាឥស្សរជនជាតិដ៏ឆ្នើម ដែលតែងតែដឹងគុណប្រទេសជាតិ និងបង្កើតនូវក្តីសង្ឃឹមភ្លឺស្វាងមួយ សម្រាប់ប្រជាជនកម្ពុជា៕