ព័ត៌មានជាតិ

សួនសុវត្ថិភាព ចរាចរណ៍សប្បនិម្មិត ជាសួនបង្កើតឡើង នៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ភ្នំពេញ ៖ សួនសុវត្ថិភាពចរាចរណ៍សប្បនិម្មិត ជាសួនដែលបង្កើត នៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដោយមានការដាក់បញ្ចូល ហ្គារ៉ាស់សាំងសប្បនិម្មិត ផ្លូវ គន្លងចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ឬស្លាកសញ្ញាចរាចរណ៍ ព្រមទាំងមានអ្វីៗផ្សេងទៀត ដែលពាក់ព័ន្ធនឹងការធ្វើដំណើរ ។ នេះបើតាម លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។

សូមបញ្ជាក់ថា នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញ ចុះពិនិត្យមើល ទីតាំងត្រៀមរៀបចំ សួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

បើតាមការពន្យល់ពី លោកបណ្ឌិត ទូច សុឃៈ ការបង្កើតសួនសុវត្ថិភាពចរាចរណ៍ សិប្បនិមិ្មតនេះ មិនត្រឹមតែសម្រាប់ សិស្សានុសិស្សនោះទេ ប៉ុន្តែក៏សម្រាប់បង្ហាញដល់សាធារជន ឱ្យចូលសិក្សាស្វែងយល់បន្ថែម លើអ្វីដែលបានរៀននៅសាលាបើកបរ ដើម្បីពង្រឹការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ។

លោកបណ្ឌិត បានបន្ថែមថា កន្លងមក លោកឧបនាយករដ្ឋមន្រ្តី ស សុខា ធ្លាប់បានអំពាវនាវ និងជំរុញឱ្យមានការដាក់បញ្ចូលកម្មវិធីសិក្សា ពាក់ព័ន្ធនឹងចរាចរណ៍ ទៅក្នុងកម្មវិធីសិក្សា របស់ក្រសួងអប់រំពោលគឺ ដាក់បញ្ចូលក្នុងសៀវភៅគោលតែម្ដង ដោយមានការបែងចែកជា៣កម្រិតគឺ កម្រិតបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ ដើម្បីងាយស្រួលក្នុង ការអប់រំទាក់ទងនឹងច្បាប់ចរាចរណ៍ ក្នុងគោលបំណងធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការពារអាយុជីវិតប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំង ប្រទេសក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ កន្លងមក បើធៀបនឹងឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បានថយចុះ៣៥៤លើក ស្មើនឹង១២% កាត់បន្ថយចំនួនអ្នក ស្លាប់២៧នាក់ ស្មើនឹង២% និងកាត់បន្ថយចំនួន អ្នករបួស៥៨០នាក់ ស្មើ ១៤% ៕

To Top