ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ ដើម្បីជាតិមួយរីកចម្រើន បុគ្គលនីមួយៗត្រូវរីកចម្រើនដែរ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ដើម្បីជាតិមួយរីកចម្រើន បុគ្គលនីមួយៗ ត្រូវខិតខំអភិវឌ្ឍន៍ខ្លួនឯង ដោយធ្វើយ៉ាងណាឱ្យរីកចម្រើនផងដែរ។

លោកថា ដូចនេះ គ្រប់ពេលវេលាត្រូវតែមានការគិតស្វែងយល់ ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ។ នេះជាប្រសាសន៍របស់លោក រដ្ឋមន្រ្តីនាឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមករា នាថ្ងៃ៦ មករា។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំក្នុងការបំពេញការងាកន្លងមក សម្រេចបានលទ្ធផលល្អប្រសើរ ទាំងគុណភាពបម្រើសេវា ការដោះស្រាយ ការពង្រឹងសមត្ថភាពមន្រ្តី ធនធានមនុស្ស និងការអភិវឌ្ឍដល់អង្គភាព ដែលមានផែនការច្បាស់លាស់ ។ ទន្ទឹមនឹងនេះ សាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការបង្កើនប្រសិទ្ធភាពការងារ ឱ្យកាន់តែមុតស្រួចបន្ថែមទៀត ដោយថ្នាក់ដឹកនាំ ត្រូវដើរតួនាទីយ៉ាងសកម្ម ក្នុងការរៀបចំជាផែនការ គោលគំនិតទាំងបច្ចេកទេស និងក្របខណ្ឌនយោបាយ ដើម្បីបានជាអត្ថប្រយោជន ដល់វិស័យ និងប្រទេសជាតិ។

ក្នុងឱកាសដើមឆ្នាំថ្មីនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូស រំលឹកអំពីតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងនាយកដ្ឋានជំនាញ រហូតដល់មន្ទីរសុខាភិបាល ដែលជាអ្នកសំខាន់ជួយដល់ស្ថាប័ន ក្នុងជំនាញរៀងៗខ្លួន និងត្រូវមានជំហររឹងមាំ ប្រកបដោយប្រសិទ្ធភាព ក្រមសីលធម៌ ថាមពល និងការទទួលខុសត្រូវខ្ពស់។

សាស្រ្តាចារ្យក៏បានណែនាំដល់ ថ្នាក់ដឹកនាំត្រូវផ្តោតការងារសំខាន់ៗ ឆ្នាំ២០២៥ ដូចខាងក្រោម ៖ ត្រូវផ្តោតទៅលើការលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ ។ កាត់បន្ថយអត្រាឈឺ និងមរណភាពជំងឺរបេង ឱ្យបានច្រើនបំផុត នៅឆ្នាំ២០៣០ ។ ត្រូវសម្រេច ឱ្យបានគោលដៅជំងឺអេដស៍ ៩៥ ៩៥ ៩៥ នាឆ្នាំ២០២៥ ។ ទប់ស្កាត់ជំងឺគ្រុនឈាម ដោយបង្កើនការប្រុងប្រយ័ត្ននៅឆ្នាំ២០២៥ ជាបន្តទៀត សម្រាប់ការព្យាករណ៍ ដែលអាចនឹងមានការផ្ទុះឡើង ក្នុងឆ្នាំបន្ទាប់នេះ។ បន្តកាត់បន្ថយអត្រាមរណភាពមាតា និងទារក ។ ខិតខំដើរឆ្ពោះទៅមុខ នូវសុខាភិបាលឌីជីថល។ កាត់បន្ថយជារឿយៗ ក្នុងសហគមន៍ និងហានិភ័យដូចការពុលផ្សេងៗ និងជំរុញ និងបង្កើនសារអប់រំសុខភាព ឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ។

ក្នុងនោះពិនិត្យគោលដៅសំខាន់ៗបំផុត ដូចគ្រោះថ្នាក់ មិនសមហេតុផល ដែលអាចជួយសង្គ្រោះបាន ជាពិសេសក្នុងមន្ទីរពេទ្យ ដោយត្រូវអនុវត្ត ពេញ៣ «ពេញម៉ោងការងារ ពេញសមត្ថមភាព និងពេញការទទួលខុសត្រូវ»៕

To Top