ព័ត៌មានជាតិ

ជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ៥៧នាក់ រត់ចេញពីកាស៊ីណូ អូរស្មាន់រីសត ក្នុងខេត្តឧត្តរមានជ័យ ក្រោយមេការជនជាតិចិន ឲ្យធ្វើការគ្មាន ថ្ងៃឈប់សម្រាក

ភ្នំពេញ ៖ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានចេញប្រកាសព័ត៌មាន ពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ បាននាំគ្នារត់ចេញ ពីកាស៊ីណូអូរស្មាន់រីសត ក្រោយមេការជនជាតិចិន ឲ្យធ្វើការគ្មានថ្ងៃ ឈប់សម្រាក។

ជុំវិញករីណនេះដែរ អ្នកនាំពាក្យ បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៤៖៤០នាទី មានបុគ្គលិក ជនជាតិបរទេស របស់ក្រុមហ៊ុនក្នុងកាស៊ីណូ «អូរស្មាច់រីសត» ចំនួន៥៧នាក់ ជនជាតិ ប៉ាគីស្ថាន៥៣នាក់ (ស្រី២នាក់) និង ណេប៉ាល់៤នាក់ បានធ្វើការតវ៉ា និងនាំគ្នាដើរ ចេញពីក្រុមហ៊ុន ហើយត្រូវបានកម្លាំង នៃស្នងការដ្ឋាន នគរបាលខេត្តឧត្តរមានជ័យ ចុះទៅសម្របសម្រួល និងនាំពួកគាត់ទាំង៥៧នាក់ មកស្នងការដ្ឋានដើម្បីសាកសួរ។

ក្រោយបញ្ចប់ការសួរនាំ, ជនជាតិបរទេសទាំងនោះ បានមកធ្វើការនៅប្រទេសកម្ពុជា ក្នុងក្រុមហ៊ុនមួយនៅ ខេត្តព្រះសីហនុរយៈពេលពី២-៣ខែមកហើយ ដោយមិនទទួល បានប្រាក់ខែនោះទេ និងត្រូវបានក្រុមហ៊ុន បញ្ជូនពួកគាត់ឲ្យមកធ្វើ ការនៅក្រុមហ៊ុនក្នុង កាស៊ីណូអូរស្មាច់រីសត ក្នុងខេត្តឧត្ដរមានជ័យវិញ។

ក្រោយពួកគាត់បានមកធ្វើការនៅក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត បានរយៈពេល១០ថ្ងៃ ត្រូវអ្នកគ្រប់គ្រងជនជាតិចិន (មិនស្គាល់ឈ្មោះ) ឲ្យពួកគាត់ធ្វើការគ្មានថ្ងៃសម្រាក និងដោយភ័យខ្លាចថា ខ្លួនមិនបានទទួលប្រាក់ខែ ដូចក្រុមហ៊ុននៅឯ ខេត្តព្រះសីហនុ ទើបពួកគាត់នាំគ្នាតវ៉ា ហើយដើរ ចេញពីក្រុមហ៊ុន ដោយក្នុងដៃមានកាន់ដំបងឈើ ក្នុងគោលបំណងតវ៉ា ឲ្យមានពេលឈប់ សម្រាកគ្រប់គ្រាន់ ខ្លះចង់បន្តការងារនៅកន្លែងដដែល ខ្លះចង់ទៅធ្វើការនៅក្រុមហ៊ុន ក្នុងខេត្តព្រះសីហនុ ខ្លះទៀតចង់ត្រឡប់ ទៅប្រទេសកំណើតវិញ។

ក្រោយធ្វើការសាកសួរទៅលើជនបរទេស ទាំង៥៧នាក់នោះរួច ស្នងការនគរបាលខេត្ត បានបញ្ជូនជនជាតិប៉ាគីស្ថានទាំង ៥៣នាក់ និងណេប៉ាល់៤នាក់ ទៅស្នាក់ការនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ប្រចាំខេត្តសៀមរាបដើម្បីបន្តនីតិវិធី៕

To Top