ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យទីតាំងប្រឡាយអូរអាគុជ ក្នុងមូលដ្ឋានខណ្ឌសែនសុខ និងបន្តរហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង និងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធបង្ហូទឹកធ្វើយ៉ាងណារំដោះទឹកចេញក្រៅក្រុង កុំឱ្យជនលិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា ។
ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពប្រឡាយនាឱកាសនេះ លោក ឃួង ស្រេង បានដឹកនាំមន្ទីរជំនាញ របស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អមជាមួយអាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌប្ញស្សីកែវផងដែរ និងបានណែនាំឱ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវគិតគូធ្វើយ៉ាងណារិះរកគ្រប់មធ្យោបាយ រំដោះទឹកចេញក្រៅក្រុង ដោះស្រាយឱ្យបាន នូវការជនលិចដោយជំនន់ទឹកភ្លៀង នារដូវវស្សាខាងមុខនេះ។
ជាមួយនៃការចុះពិនិត្យប្រឡាយនោះ លោកអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ទីរជំនាញ ពង្រីកនិងស្តារប្រឡាយអូរអាគុជ រហូតដល់ប្រឡាយមេខាងជើង រាជធានីភ្នំពេញ ដោយធ្វើការដាក់លូជ្រុងទំហំ៤ម៉ែត្រ កាត់ផ្លូវលេខ១០០៧ ក្នុងខណ្ឌសែនសុខ ដើម្បីរំដោះទឹកភ្លៀងនៅផ្លូវ១៩៨៦ និងតំបន់មួយចំនួនក្នុងសង្កាត់ភ្នំពេញថ្មី ដោយសារតំបន់នេះ ឧស្សារហ៍ទទួលរងការលិចលង់ នៅពេលភ្លៀងខ្លាំងម្តងៗ។
ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្តារប្រឡាយពោងពាយ ប្រឡាយអូរវែង ដល់ប្រឡាយមេខាងជើង និងការដាក់លូទំហំ១ម៉ែត្រកន្លះ កាត់ផ្លូវលេខ១០០៣ ដាក់លូជ្រុងនៅផ្លូវK2 ដើម្បីដោះស្រាយការលិចលង់ នៅលើផ្លូវហាណូយ ធ្វើយ៉ាងណាអាចនាំទឹកហូរចូលទៅប្រឡាយពោងពាយ បន្តទៅស្ថានីយបូមទឹកកប់ស្រូវ និងស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ។
បន្ថែមលើនេះ លោក ឃួង ស្រេង បានណែនាំសិក្សាឱ្យបានលំអិតបន្ថែមទៀត ដើម្បីរំដោះទឹកភ្លៀងចេញពីផ្លូវលេខ៥៩២ នៅតំបន់សាលារៀនបឋមសិក្សាទួលគោក ក្នុងភូមិសាស្ត្រខណ្ឌទួលគោក និងបានជំរុញឱ្យអាជ្ញាធរខណ្ឌ ធ្វើការណែនាំឱ្យប្រជាពលរដ្ឋ កុំបោះសំរាម ចូលក្នុងឡាយទឹក។ ដោយបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយបាននូវការលិចលង់ ដោយជំនន់ទឹកភ្លៀង៕