ភ្នំពេញ៖ លោក Jeremy Zwinger ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ The Rice Trader (TRT) ហើយក៏ជាស្ថាបនិក World Rice Conference (WRC) បានបង្ហាញអំពីការគាំទ្រដល់កម្ពុជា នៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥
ការបង្ហាញការគាំទ្ររបស់ស្ថាបនិក World Rice Conference (WRC) ខាងលើនេះ ធ្វើឡើងក្នុងឱកាស ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។
ក្នុងជំនួបនេះ លោក Jeremy Zwinger បានសម្ដែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះវិស័យស្រូវអង្ករ, ឡូជីស្ទីក, និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ ប្រកបដោយសុទិដ្ឋិនិយមអំពីសក្ដានុពលរបស់កម្ពុជា។
ក្នុងនោះលោកប្រធានក្រុមហ៊ុន បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នាទីក្រុងម៉ានិល ប្រទេសហ្វីលីពីន និងបង្ហាញអំពីការគាំទ្រដល់កម្ពុជា នៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥ នេះផងដែរ។
ជាមួយគ្នានេះលោកប្រធានក្រុមហ៊ុន ក៏បានសម្ដែងនូវក្តីសោមនស្សរីករាយ ដែលបានចូលរួម និងសហការជាមួយនឹងកម្ពុជា ក្នុងវិស័យស្រូវអង្ករ នាពេលកន្លងមក។
ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះលោកប្រធានក្រុមហ៊ុន ដែលបានគាំទ្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥នេះ។
បន្ថែមលើនេះ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ដំណាំស្រូវគឺជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា ។
សម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់នានារបស់រាជរដ្ឋាភិបាល នៅក្នុងការគាំទ្រទៅដល់ផលិតកម្មស្រូវអង្កររបស់កម្ពុជា ដើម្បីធានាឱ្យបាននូវភាពប្រកួតប្រជែង ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីក សំដៅសម្រួលទៅដល់ការដឹកជញ្ជូន និងកាត់បន្ថយថ្លៃដើមផងដែរ៕