ព័ត៌មានជាតិ

ក្រុមហ៊ុន Evercore Asia បង្ហាញចំណាប់អាម្មណ៍ ​ចង់សហការជាមួយកម្ពុជា លើវិស័យថាមពល កកើតឡើងវិញ

ភ្នំពេញ ៖ លោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia បានបង្ហាញអំពីចំណាប់អាម្មណ៍របស់ក្រុមហ៊ុន ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ ក្នុងនោះបួករួមទាំងវិស័យសុខាភិបាល និងវិស័យទេសចរណ៍ ។

ការបង្ហាញចំណាប់អារម្មណ៍ របស់ប្រធានក្រុមហ៊ុន Evercore Asiaខាងលើនេះ ធ្វើឡើងក្នុងឱកាស ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្កិភាព ។

ក្នុងជំនួបនេះ លោក Keith Magnus បានកោតសរសើរភាពជោគជ័យ នៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្នុងនោះដែរលោកប្រធានក្រុមហ៊ុន បានគោរពជម្រាប ជូនសម្ដេចបវរធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន និងបានបង្ហាញ អំពីចំណាប់អាម្មណ៍របស់ក្រុមហ៊ុន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ, វិស័យសុខាភិបាល និងវិស័យទេសចរណ៍ ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន និងគូសបញ្ជាក់ពីការដាក់ចេញ នូវគោលនយោបាយអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ដោយកម្ពុជាបច្ចុប្បន្នកំពុងប្រើប្រាស់ថាមពលកកើតឡើងវិញ ចំនួនជាង ៦២% និងបានដាក់គោលដៅឆ្ពោះទៅសម្រេច ការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០%នៅឆ្នាំ២០៣០។

បន្ថែមលើនោះ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ពីការដាក់ចេញគោលនយោបាយ គាំទ្រដល់វិស័យសុខាភិបាល ដូចជាការពង្រឹងនិងពង្រីកសេវាសុខាភិបាល នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសផងដែរ។

ក្នុងឱកាសនោះ សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជានៅមានសក្ដានុពលលើវិស័យជាច្រើនទៀត ដែលក្រុមហ៊ុនអាចពិចារណា​ ដែលរួមមាន ដូចជា៖ វិស័យកសិកម្ម, កម្មន្តសាល, ហិរញ្ញវត្ថុ និងធនាគារ។ ក្នុងន័យនេះ, សម្ដេចបវរធិបតី បានលើកទឹកចិត្ត​ឱ្យក្រុមហ៊ុនបន្តពិភាក្សា ជាមួយក្រសួង-ស្ថាប័ន និងជំរុញការភ្ជាប់ទំនាក់ទំនង និងកិច្ចសហការរវាងវិស័យឯកជន នៅក្រៅប្រទេស និង វិស័យឯកជននៅកម្ពុជា៕

To Top