ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ អ្នកដឹកនាំគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន

ភ្នំពេញ ៖ ក្នុងឱកាសឆ្លៀតពេលវេលា ដ៏មមាញឹកអញ្ជើញ ជួបសំណេះសំណាលផ្តល់អនុសាសន៍គន្លឹះ និងចែករំលែកបទ ពិសោធន៍ការងារគ្រប់គ្រងមន្ទីរ ពេទ្យដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃ៨ មករា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ឲ្យអ្នកដឹកនាំគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើការបណ្តុះបណ្តាល ធនធានមនុស្សបន្តវេន។

សាស្រ្តាចារ្យ បានមានប្រសាសន៍ថា អ្នកដឹកនាំគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើការបណ្តុះ បណ្តាលធនធានមនុស្សបន្តវេន និងបង្កលក្ខណៈឱ្យមានការចូលរួមពីគ្រប់អ្នកជំនាញទាំងអស់ ក្នុងគោលដៅប្រយោជន៍រួម ដើម្បីធ្វើឱ្យមន្ទីរពេទ្យមានលទ្ធភាពពង្រឹង និងពង្រីកសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍គន្លឹះក្នុងការងារដឹកនាំ និងគ្រប់គ្រងមន្ទីរពេទ្យប្រចាំថ្ងៃឲ្យបានរលូន និងការចូលរួមសហការគ្នាចាប់ពីកម្រិតថ្នាក់ដឹកនាំរហូតដល់មន្ត្រីរាជការ និងបុគ្គលិកគ្រប់ឋានានុក្រម។

ជាចុងក្រោយ សាស្ត្រាចារ្យ បានលើកទឹកចិត្ត និងជំរុញឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ ខិតខំសាមគ្គីគ្នាបន្តរក្សា និរន្តរភាពរបស់មន្ទីរពេទ្យ សំដៅលើកកម្ពស់ការធ្វើនវានុវត្តន៍ បច្ចេកទេសព្យាបាល ឲ្យកាន់តែសម្បូរបែប ធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្តៅ និងជឿជាក់មកលើសេវាសុខភាពសាធារណៈថែមមួយកម្រិតទៀត៕

To Top