ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរំលឹកដល់ម្ចាស់យានដ្ឋាន កែច្នៃដំឡើងរថយន្ត ពុំទាន់មានលិខិតអនុញ្ញាត ធ្វើអាជីវកម្មយានដ្ឋាន រួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជី និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មយានដ្ឋាន បានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាកំហិត។
តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងសាធារណការ នាពេលថ្មីៗនេះ បានឱ្យដឹងថា កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យឃើញថា នៅមានយានដ្ឋានមួយចំនួន ពុំទាន់បានចុះបញ្ជី និងមានលិខិតអនុញ្ញាតធ្វើអាជីវកម្ម យានដ្ឋាននៅឡើយ ជាពិសេសយានដ្ឋានកែច្នៃដំឡើងរថយន្ត។
ក្រសួង បន្ថែមថា «ហេតុដូចនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមរំលឹកដល់ម្ចាស់យានដ្ឋាន កែច្នៃដំឡើងរថយន្ត ដែលពុំទាន់មានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន មេត្តារួសរាន់មកដាក់ពាក្យស្នើសុំ ចុះបញ្ជី និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មយានដ្ឋាន ឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាកំហិត»។
ផុតឱសានវាទនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងផ្អាកជាបណ្តោះអាសន្ននូវការទទួលពាក្យស្នើសុំ ចុះបញ្ជីយានដ្ឋានកែច្នៃដំឡើងរថយន្ត និងចាត់វិធានការចុះបិទទីតាំងដែលគ្មានលិខិតអនុញ្ញាតធ្វើអាជីវកម្ម យានដ្ឋាន។
ទទួលបានសេចក្តីជូនដំណឹងនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន សង្ឃឹមនិងជឿជាក់ថា ម្ចាស់យានដ្ឋានកែច្នៃដំឡើង រថយន្តដែលពុំទាន់បាន ចុះបញ្ជីទាំងអស់ ចូលរួមអនុវត្តបទប្បញ្ញត្តិច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា៕