ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានមានប្រសាសន៍ថា ក្រសួងកំពុងសិក្សា ក្នុងការបង្កើតច្បាប់ ដាក់ក្រុមជ្រុលនិយមមួយក្តាប់តូច ជាក្រុមភេរវករ ។
លោក សេង ឌីណាបានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនាថ្ងៃ៩ មករានេះដោយលោកមិន បានបញ្ជាក់លំអិត អំពីដំណើរការ នៃការតាក់តែងច្បាប់ យ៉ាងណានោះទេ គ្រាន់តែលោកបញ្ជាក់នូវសំណេរយ៉ាងខ្លីថា “នៅពេលនេះ ក្រសួងយុត្តិធម៌កំពុង សិក្សាលើទិដ្ឋភាពច្បាប់ ជុំវិញរឿងនេះ ពិសេសសិក្សាលើជម្រើសថា តើធ្វើវិសោធនកម្មច្បាប់ ដែលមានស្រាប់ ឬត្រូវបង្កើតច្បាប់ថ្មីតែម្តង” ។
ការលើកឡើងរបស់លោក សេង ឌីណានេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្នុងទិវាអបអរសាទរខួបលើកទី៤៦ នៃជ័យជម្នះ៧ មករា កាលពីថ្ងៃ៧ មករា ឲ្យក្រសួងយុត្តិធម៌រៀបចំច្បាប់ កំណត់ចំពោះជនណា ឬ ក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើត ចលនាប្រឆាំង ជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឲ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ជាភេរវករ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ” ខ្ញុំយល់ថាវាដល់ពេលហើយ ដែលត្រូវកសាងច្បាប់ ដែលនឹងកំណត់ចំពោះជនណា ឬ ក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនា ប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខ ក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។ ព្រមជាមួយនោះ យើងក៏ត្រូវយល់ឱ្យបានច្បាស់ថា សន្តិភាពនឹងមិនអាចគង់វង្សបានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះផ្សាជាតិ យុត្តិធម៌ និង ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទេនោះ” ។
សូមបញ្ជាក់ថា ក្រុមប្រឆាំងជ្រុល និយមនៅក្រៅប្រទេស តែងតែបង្កការអុកឡុកអុជអាល មួលបង្កាច់រាជរដ្ឋាភិបាល និងញុះញង់ឱ្យប្រជាពលរដ្ឋ មានការភាន់ច្រឡំទៅលើបញ្ហាផ្សេងៗ ជាពិសេសជុំវិញបញ្ហាព្រំដែនកន្លងមក ដែលទង្វើទាំងអស់នេះ បានជះផលអវិជ្ជមានជាខ្លាំង ទៅដល់ការអភិវឌ្ឍ សង្គមនិងសេដ្ឋកិច្ចកម្ពុជាផងដែរ ៕