ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤ ក្រោយពិធីបុណ្យធំៗចប់ ឃើញថាទីក្រុងស្អាត មានបរិស្ថានល្អ លែងមានសំរាមតាមផ្លូវ និងទីសាធារណៈទៀត ការណ៍នេះ ធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តទទួលបានការកោតសរសើរ ពីសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ។
នេះជាការកត់សម្គាល់របស់លោក ម៉ប់ សារិន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ។
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា កន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច បានយកអស់កម្លាំង កាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងបរិស្ថាន ក្នុងព្រឹត្តិការណ៍ធំៗចំនួន៣ បានយ៉ាងល្អប្រសើរ នោះគឺព្រឹត្តិការណ៍ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤, ព្រឹត្តិការណ៍ «សាទរកម្ពុជា» និងព្រឹត្តិការណ៍ អបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥។
បន្ថែមពីនេះសមាជិកក្រុមប្រឹក្សា ក៏បានសរសើរ ទៅដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤ ក្រោយពិធីបុណ្យធំៗចប់ យើងឃើញថា ទីក្រុងស្អាតមានបរិស្ថានល្អ លែងមានសំរាមតាមផ្លូវ និងទីសាធារណៈទៀតហើយ។ ដោយឡែកការដោះស្រាយវិវាទដីធ្លី រដ្ឋបាលរាជធានី ក៏អនុវត្តបានល្អ។ ចំណែកការផ្តល់សេវាតាមច្រកចេញចូលតែមួយវិញ ក៏ល្អប្រសើរផងដែរ ដែលបានបង្ហាញពីជំនឿទុកចិត្ត ពីប្រជាពលរដ្ឋយ៉ាងខ្លាំង។
ក្នុងឱកាសនោះលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ការកោតសរសើររបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លើការងាររបស់អាជ្ញាធររាជធានីភ្នំពេញ គឺជាការលើកទឹកចិត្ត ដូចជាការផ្ដល់កម្លាំងចិត្ត ឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបំពេញការងារកាន់តែល្អបន្តទៀត។ ជាមួយគ្នានេះ ថ្នាក់ជាតិនឹងទំលាក់ការងារចំនួន២ទៀត មកឱ្យរដ្ឋបាលរាជធានីភ្នំពេញ ឱ្យបំពេញការងារជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អបន្តទៀត នោះគឺ ការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
លោក កើត ឆែ បានគូសបញ្ជាក់ថា នៅពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) នឹងចុះMOU ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយចុះMOUជាមួយគ្នាហើយ រាល់កំណត់ហេតុ ព្រមព្រៀង បញ្ចប់វិវាទដែលធ្វើឡើង ដោយអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានអានុភាព អនុវត្តដូចសាលក្រមស្ថាពរ របស់តុលាការដែរ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានសម្រេចតែងតាំងមន្ត្រីរាជការចំនួន០២រូប ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញផងដែរ។ ក្នុងនោះរួមមាន៖ លោក សាំង សុភៈវិចិត្រ ឋានន្តរស័ក្តិ ឧត្តមមន្រ្តី ថ្នាក់លេខ៤ អតីតអភិបាលរងខណ្ឌសែន សុខ ត្រូវបានតែងតាំងឱ្យកាន់មុខតំណែង ជានាយករងរដ្ឋបាលរាជធានីភ្នំពេញ និងលោក ព្រំ បញ្ញា ឋានន្តរស័ក្តិ អនុមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែង ជានាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស៕