ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសចិន ទស្សនកិច្ចនៅទីក្រុង N’Djamena របស់ប្រទេសឆាដ ចំពេលពួកសកម្មប្រយុទ្ធ វាយប្រហារវិមានប្រធានាធិបតី

RT News

បរទេស៖ ប្រភពបានប្រាប់ RT ថា រថក្រោះត្រូវបានដាក់ពង្រាយកាលពីយប់ថ្ងៃពុធទៅកាន់ដងផ្លូវនៃរដ្ឋធានី N’Djamena របស់ប្រទេសឆាដ ហើយការបាញ់កាំភ្លើងធុនធ្ងន់អាចត្រូវបានគេលឺនៅកណ្តាលទីក្រុង ខណៈដែលវិមានប្រធានាធិបតីត្រូវបានគេរាយការណ៍ថា បានរងការវាយប្រហារដោយពួកសកម្មប្រយុទ្ធដែលមិនស្គាល់អត្តសញ្ញាណ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានទៅបំពេញទស្សនកិច្ចនៅទីក្រុង N’Djamena កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពី “ការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី” ជាមួយប្រធានាធិបតីឆាដ លោក Mahamat Deby ។

ទីភ្នាក់ងារព័ត៌មានបារាំង AFP បានរាយការណ៍ជាលើកដំបូងថា មាន «ការបាញ់កាំភ្លើងធុនធ្ងន់» កាលពីល្ងាចថ្ងៃពុធ។ AFP បានដកស្រង់ប្រភពសន្តិសុខរបស់ប្រទេសឆាដ ដែលបាននិយាយថា «ក្រុមប្រដាប់អាវុធបានវាយប្រហារវិមានប្រធានាធិបតី»។ ផ្លូវទាំងអស់ទៅកាន់អគារត្រូវបានបិទចរាចរណ៍ ហើយផ្លូវត្រូវបានបិទដោយរថពាសដែក។

អ្នកនាំពាក្យរដ្ឋាភិបាលឆាដ លោក Aziz Mahamat Saleh បាននិយាយនៅក្នុងសារបង្ហោះហ្វេសប៊ុកកាលពីល្ងាចថ្ងៃពុធថា “គ្មានអ្វីធ្ងន់ធ្ងរទេ កុំភ័យស្លន់ស្លោ ស្ថានភាពគឺស្ថិតក្រោមការគ្រប់គ្រង” ។

រដ្ឋមន្ត្រីការបរទេសឆាដលោក Abderaman Koulamallah ក្រោយមកបានប្រាប់ AFP ថា អ្នកវាយប្រហារ ១៨ នាក់ត្រូវបានសម្លាប់ និង ៦ នាក់បានរងរបួស។ លោកបានមានប្រសាសន៍ថា “យើងបានរងការស្លាប់ម្នាក់ និងបីនាក់ទៀតរងរបួស” ដោយបន្ថែមថា “ការប៉ុនប៉ងធ្វើឲ្យមានអស្ថិរភាព ត្រូវបានបង្ក្រាប”៕
ប្រែសម្រួលៈ ណៃ តុលា

To Top