ព័ត៌មានជាតិ

លោក សំ វិច្ឆិកា រំលឹកទៅកាន់សិស្សសាលាកុំដាក់ដាវ កាំបិទជាប់ខ្លួន ប្រយ័ត្ននាំទុក្ខទោសដល់ខ្លួន

ភ្នំពេញ ៖ អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានផ្ញើសាររំលឹកថា សមត្ថកិច្ចនឹងបន្តតាមដាន ត្រួតពិនិត្យតាមបណ្តាសាលារៀនចំពោះសិស្សានុសិស្សដែលយកដាក់ដាវ កាំបិត ជាប់ខ្លួន តាមកាបូប តាមម៉ូតូ ដោយខុសច្បាប់ ហើយបើសិនសមត្ថកិច្ចរកឃើញ នឹងមានបញ្ហាប្រឈមតាមផ្លូវច្បាប់ ដូច្នេះអាណាព្យាបាលត្រូវត្រួតពិនិត្យលើកូនៗរបស់ខ្លួន។

លោក សំ វិច្ឆិកាបានមានប្រសាសន៍នាថ្ងៃ៩ មករា ការងាររដ្ឋបាលក្នុងការ ចុះត្រួតពិនិត្យទីតាំង ដែលសង្ស័យថាមានក្រុមក្មេងទំនើង នៅបន្តអនុវត្តដោយគ្មាន បន្ធូដៃនោះទេ នៅតែបន្តដូចភ្លៀងរលឹម។

លោកបន្តថា ការអនុវត្តបង្ក្រាបក្មេងទំនើងនេះ ក៏ផ្តោតសំខាន់ ទៅលើការកាន់កាប់អាវុធខុសច្បាប់ផងដែរ ដូច្នេះការលួចលាក់ដាក់ តាមម៉ូតូជាដើមដែលបង្ក ឲ្យមានរបួសស្នាម ឬបាត់បង់ជីវិតនឹងចាត់ការ ទៅតាមច្បាប់ជាធរមានហើយ ។

លោកសង្កត់ធ្ងន់ថា “កន្លងមកយើងបានចុះត្រួតពិនិត្យ ទៅតាមបណ្តាសាលារៀន វាជាលទ្ធផលមិនទាន់ បានឃើញអំពីអាវុធ សម្រាប់សិស្សានុសិស្សមួយចំនួនដាក់តាមខ្លួនទេ ប៉ុន្តែនេះជាការរំលឹកក៏ដូចជាការណែនាំទៅដល់សិស្សានុសិស្សយើងទាំងអស់ប្រយ័ត្នប្រយែង នៅពេលដែលសមត្ថកិច្ចចុះរដ្ឋបាល នៅក្នុងសាលារៀន បើសិនជាឃើញមានកាំបិទ មានដាវ ឬមានសំភារៈដែលបង្កឲ្យមានផលប៉ះពាល់ដល់គ្រោះថ្នាក់ ឬដល់អាយុជីវិត ឬបង្ករបួសស្នាមគឺយើងមានវិធានការ អនុវត្តតាមផ្លូវច្បាប់ហើយ”។

ជាមួយគ្នានេះ អ្នកនាំពាក្យក៏បានស្នើឲ្យឪពុក-ម្តាយ ឬអាណាព្យាបាលត្រូវចូលរួម តាមដានសកម្មភាពកូនៗរបស់ខ្លួនពីការដាក់កាំបិទ ដាវ និងសំភារៈផ្សេងដែលអាចបង្កឲ្យមានរបួសស្នាម ដើម្បីជៀសវាងបញ្ហានាំមកទុក្ខទោសដល់ខ្លួននិងគ្រួសារ។

ជាមួយគ្នានេះដែរលោក សំ វិច្ឆិកាក៏បានទទួលស្គាល់ពីសកម្មភាពក្មេងទំនើង ហាក់ផុសផុលឡើងវិញ ប៉ុន្តែសមត្ថកិច្ចបានចុះបង្ក្រាបជាបន្តបន្ទាប់ ។ លោកថា ជាក់ស្តែងកាលពីខែធ្នូកន្លងមក ករណីក្មេងទំនើងកើតមានឡើងចំនួន១៦ករណី គឺសមត្ថកិច្ចបានចុះបង្ក្រាបទាំង១៦ករណី។

សូមរំលឹកថា ក្នុងរយៈពេលជាង៧ខែ ក្រោយដាក់ចេញយុទ្ធនាការបង្ក្រាប ក្មេងទំនើងតាំងពីខែឧសភា ឆ្នាំ២០២៤មក សំណុំរឿងក្មេងទំនើងមានចំនួន៧២០សំណុំរឿង ដោយបានឃាត់ខ្លួនជនសង្ស័យ៣,៣០០នាក់ ៕

To Top