ព័ត៌មានជាតិ

អ្នកនាំពាក្យ ក្រសួងទេសចរណ៍ ៖ កំណើនភ្ញៀវទេសចរអន្តរជាតិ សបញ្ជាក់បានថា កម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ ធ្វើឱ្យភ្ញៀវទេសចរមកកម្ពុជា​ ដោយភាពកក់ក្តៅ

ភ្នំពេញ៖ បន្ទាប់ពីភ្ញៀវទេសចរអន្តរជាតិ ក្នុងឆ្នាំ២០២៤​ មានការកើនឡើងប្រមាណ ២២,៩% ធៀបនឹងឆ្នាំ២០២៣ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការកើនឡើងនេះ សបញ្ជាក់បានថា ប្រទេសកម្ពុជា គឺជាប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ ធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិ ពីគ្រប់ទិសទីមកលេងកម្ពុជា ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ផាសុកភាព និងមានការទទួល ដោយស្នាមញញឹមរួសរាយរាក់ទាក់ របស់ប្រជាពលរដ្ឋខ្មែរ ។

ការលើកឡើងរបស់លោកស្រីអ្នកនាំពាក្យរូបនេះ ធ្វើឡើងក្រោយរបាយការណ៍បឋម ស្ដីពីស្ថិតិទេសចរណ៍ឆ្នាំ២០២៤ បានបង្ហាញថា ទេសចរអន្តរជាតិមាន ៦,៧០លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩ ក្នុងនោះសម្រាប់ការព្យាករណ៍ឆ្នាំ២០២៥ អាចក្នុងរង្វង់ ៧លាននាក់ ។ ដោយឡែកទេសចរជាតិ មាន ២២,៥២លាននាក់ កើនឡើង ២០,១% ។

តាមរយៈសារសំឡេងតេឡេក្រាម នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ លោកស្រី ហ៊ុន ដានី បានគូសបញ្ជាក់ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយមួយចំនួន ដើម្បីទាក់ទាញ និងជំរុញដល់កំណើនភ្ញៀវទេសចរ ។ ក្នុងនោះដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល កាលពីថ្មីៗនេះ បានចេញនូវសេចក្តីសម្រេចមួយ ដើម្បីធ្វើការកែលម្អក៏ដូចជាសម្រួលនីតិវិធី នៅក្នុងការផ្ដល់ទិដ្ឋការ តាមប្រព័ន្ធ E-Visa និងប្រព័ន្ធ E-Arrival ព្រមទាំងបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក E-Visa ទាំងប្រភេទ E-Visa T និង E-Visa A ផងដែរ។

លោកស្រី ហ៊ុន ដានី មានប្រសាសន៍ថា “កំណើនភ្ញៀវទេសចរអន្តរជាតិ មកកាន់ប្រទេសកម្ពុជារបស់យើងនេះ គឺសបញ្ជាក់បាន អំពីប្រទេសរបស់យើង គឺជាប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិ ពីគ្រប់ទិសទី អញ្ជើញមកលេងប្រទេសកម្ពុជា ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ផាសុកភាព ហើយមានការទទួលដោយស្នាមញញឹមរួសរាយរាក់ទាក់ របស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងអស់ ពិសេសគឺអ្នកបម្រើការនៅក្នុងវិស័យទេសចរណ៍” ។

ជាមួយគ្នានេះ លោកស្រីអ្នកនាំពាក្យ ក៏បានលើកឡើងថា ក្រសួងទេចរណ៍ មានចក្ខុវិស័យច្បាស់លាស់ នៅក្នុងការប្រែក្លាយរដូវការទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពីLow-Season ឱ្យមក Green Season វិញ សំដៅទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាលទាំងអស់ គឺឲ្យមកទស្សនាប្រទេសកម្ពុជា ដោយប្រកាន់ភ្ជាប់នូវស្មារតី នៃកិច្ចសហប្រតិបត្តិការ ការទទួលខុសត្រូវ នៅក្នុងការអនុវត្ត និងជាពិសេសគឺ គោលការណ៍បុរេសកម្ម​ សកម្ម និងអន្តរកម្ម ដែលបានដាក់ចេញកាលពីពេលកន្លងមកនេះ ។

ក្រៅពីនេះក្រសួងទេសចរណ៍ ក៏មានគោលនយោបាយ ជំរុញអភិវឌ្ឍតំបន់ក៏ដូចជាគោលដៅទេសចរណ៍សំខាន់ៗ នៅក្នុងប្រទេសផងដែរ មានដូចជាគោលដៅទេសចរណ៍សៀមរាបអង្គរ គោលដៅទេសចរណ៍តំបន់ឆ្នេរ និងគោលដៅទេសចរណ៍ភូមិភាគឦសាន ដែលជាតំបន់អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រង របស់ប្រទេសកម្ពុជា ។

លោកស្រី ហ៊ុន ដានី មានប្រសាសន៍បន្ថែមថា “ជាមួយគ្នានេះផងដែរ ការអភិវឌ្ឍធនធានមនុស្សគឺជាកត្តាសំខាន់មួយ ដែលក្រសួងទេសចរណ៍ តែងតែយកចិត្តទុកដាក់ជំរុញ និងអភិវឌ្ឍន៍ទាំងធនធានមនុស្ស ទាំងមូលធនមនុស្ស នៅក្នុងវិស័យទេសចរណ៍ ដើម្បីឱ្យពួកគាត់មាន ចំណេះដឹងមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍ ក៏ដូចជាតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៅក្នុងប្រទេសកម្ពុជារបស់យើង ហើយនិយាយដោយឡែកគឺការអភិវឌ្ឍនៅក្នុងវិស័យទេសចរណ៍តែម្ដង”៕

To Top