ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងមុខងារសាធារណៈរៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងអភិវឌ្ឍន៍ជនបទ”

ភ្នំពេញ៖ ក្រសួងអិវឌ្ឍន៍ជនបទ និងក្រសួងមុខងារសាធារណៈនៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ថ្លែងក្នុងសិក្ខាសាលា លោក ឆាយ ឫទ្ធិសែន បានបញ្ជាក់ថាក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការចូលរួមអនុវត្តនូវការងារ កែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងអនុសាសន៍ដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ “ពង្រឹង និងការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ” ដើម្បីធានាការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នឱ្យមានប្រសិទ្ធភាពខ្ពស់។

លោករដ្ឋមន្រ្តី បន្តថា ក្រសួងបានអនុវត្តតួនាទីនិងភារកិច្ចយ៉ាងសកម្មក្នុងបុព្វហេតុ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅតំបន់ជនបទ ក្រោមចក្ខុវិស័យ “កសាងតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។

លោករដ្ឋមន្ត្រី បានបន្តលើកឡើងថា ជាលទ្ធផលក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំបញ្ចប់នូវសេចក្តីព្រាងឯកសារពាក់ព័ន្ធតាមគោលការណ៍ណែនាំ រួមមាន៖ ១).របាយការណ៍នៃការវិភាគមុខងារ និងធនធាន ២).បញ្ជីមុខងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលបានធ្វើបច្ចុប្បន្នភាព ៣).ឯកសារផ្ទៀងផ្ទាត់មុខងារត្រួតស៊ីគ្នា ដែលត្រូវផ្ទេរចេញ ឬរៀបចំឱ្យត្រូវតាមអង្គភាព ស្ថាប័ន ៤).អភិក្រមនៃការផ្តល់សេវាសាធារណៈ និងការផ្តល់សេវាផ្សេងៗ ៥).សេចក្តីព្រាងរចនាសម្ព័ន្ធថ្មីនៃក្រសួងអភិវឌ្ឍន៍ជនបទ និង ៦).សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

គួរជម្រាបជូនផងដែរថា៖ សិក្ខាសាលានាពេលនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្ហាញនូវ វឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួង បានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នា ដើម្បីសិក្សាលើស្ថានភាពបឋមនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន, បង្កើនកិច្ចសហប្រតិបត្តិការការងារកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ, ព្រមទាំងដើម្បីពិភាក្សាលើការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែលជាវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ៕

To Top