ភ្នំពេញ៖ កម្ពុជា-ចិន បានជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។
នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅនិវេសនដ្ឋានស្ថានទូតចិនប្រចាំកម្ពុជា លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងចូលមកដល់នាពេលខាងមុខ។
តាងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាននឹងកំពុងផ្តល់នូវការគាំទ្រទាំងថវិកា សម្ភារៈ និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីបុគ្គលិកសកម្មភាពមីន ចាប់តាំងពីឆ្នាំ២០១៥។
លោកបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះរួមចំណែករបស់ប្រទេសចិន ក្នុងវិស័យសកម្មភាពមីន ពិតជាបានឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាជននៅតាមមូលដ្ឋាន និងកាត់បន្ថយគ្រោះថ្នាក់ ព្រមទាំងបានស្នើសុំឱ្យប្រទេសចិនបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ផងដែរ។
ការឆ្លើយតប លោក Wang Wenbin បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលសម្រេច បានសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រដ្ឋាភិបាលចិន ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ផងដែរ។
ជាងនេះទៅទៀត លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងអំឡុងពេលដែល លោក ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ បានឃើញអំពីការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈអាជ្ញាធរមីន។
លោក នឹងបន្តជំរុញផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងកាន់តែស៊ីជម្រៅរវាងអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ក្នុងចូលរួមសកម្មភាពមីនមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕