ភ្នំពេញ៖ លោក អាណាតូលី បូរូវីក (H.E. Mr. Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានលើកឡើងថា កត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ និងសណ្តាប់ធ្នាប់ល្អប្រសើររបស់កម្ពុជា ជាផ្នែកដ៏សំខាន់ ក្នុងការទាក់ទាញទេសចររុស្សី មកទស្សនាកម្ពុជាកាន់តែច្រើនឡើង ។
ការលើកឡើងរបស់លោក អាណាតូលី បូរូវីក (H.E. Mr. Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ខាងលើនេះ ធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ។
ជំនួបខាងលើនេះ ធ្វើឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសកម្ពុជា-រុស្សី ដោយបានឯកភាពចាត់តាំងក្រុមការងារបច្ចេកទេស រៀបចំពង្រាងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថាប័នទទួលបន្ទុកទេសចរណ៍រុស្សី។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ អំពីសិ្ថរភាពនយោបាយ សង្គម និងសន្តិសុខល្អប្រសើររបស់កម្ពុជា នាពេលបច្ចុប្បន្នដែលជាកត្តាដ៏សំខាន់ ទាក់ទាញទេសចររុស្សីមកទស្សនាកម្ពុជាបន្ថែម៕