ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីសម្រេច ប្រតិទិន ផែនការមេ គំរូទម្រង់បែបបទ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ និងសម្រេចលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនីមួយៗ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ពាក់ព័ន្ធនឹងរបៀបវារៈអង្គប្រជុំ គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗ និងបានកែសម្រួល ព្រមទាំងថែមខ្លឹមសារមួយចំនួន រួចហើយបានសម្រេចដូចខាងក្រោម៖
១.ឯកភាពលើឯកសារពាក់ព័ន្ធ នឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ រួមមាន៖
-ប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
-សេចក្តីសម្រេចស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

យោងតាមប្រតិទិន និងសេចក្តីសម្រេច ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ការកំណត់អាយុ ១៨ឆ្នាំ ត្រូវគិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ (កើតមុន ឬត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧)

-ផែនការមេសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

២.ឯកភាពលើទម្រង់បែបបទ ចំនួន ១៥ប្រភេទ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

៣.ឯកភាពលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ចំនួន ៥មុខ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ រួមមាន៖
-សេចក្តីណែនាំ ស្តីពីការដាក់ឱ្យដំណើរការកម្មវិធីផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាពតាមប្រព័ន្ធអ៊ីនធឺណិត (អនឡាញ) ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ និងបញ្ចប់មួយសប្តាហ៍មុនថ្ងៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
-សេចក្តីព្រាងសេចក្តីណែនាំ ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះ-ឆ្នោតផ្លូវការ ឆ្នាំ២០២៤ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
-ប្រតិទិននៃការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ និងគំរូខ្លឹមសារលិខិតអញ្ជើញ និងឯកសារពាក់ព័ន្ធ
-សេចក្តីព្រាងគំរូទម្រង់បញ្ជីបោះឆ្នោតដំបូង ឆ្នាំ២០២៥ និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ សម្រាប់បិទផ្សាយជាសាធារណៈ និងសម្រាប់ដាក់ផ្សាយលើទំព័រវេបសាយផ្លូវការរបស់ គ.ជ.ប
-ទម្រង់របាយការណ៍ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
-សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការផ្តល់សុពលភាព និងការដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥
-ដោយឡែក លិខិតផ្ញើជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អង្គប្រជុំ គ.ជ.ប តម្រូវឱ្យអគ្គលេខាធិការដ្ឋាន រៀបចំខ្លឹមសារឡើងវិញ។

៤.ឯកភាពលើសេចក្តីសម្រេច ស្តីពីការផ្តល់សុពលភាព និងការដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ ដែលមានចំនួនអ្នកបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាសង្កាត់ នៅក្នុងមុខតំណែងសរុបចំនួន ៣១នាក់ ក្នុងនោះស្រ្តី ចំនួន ៣នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ១ការិយាល័យ។

៥.ឯកភាពលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ (ប.ន.ព.ច)។
សេចក្តីព្រាង ប.ន.ព.ច នេះ ត្រូវបាន គ.ជ.ប ផ្ញើជូនភាគីពាក់ព័ន្ធនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ រួមមាន៖ ក្រសួងស្ថាប័នរាជរដ្ឋាភិបាល ចំនួន ៩ស្ថាប័ន គណបក្សនយោបាយ ចំនួន ៣០គណបក្ស អង្គការ JICA សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៨ ព្រមទាំងលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ទាំង ២៥ ដើម្បីសុំឱ្យផ្តល់យោបល់មក គ.ជ.ប។ ម៉្យាងទៀត នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ គ.ជ.ប បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធមួយព្រឹក នៅទីស្តីការ គ.ជ.ប ដើម្បីពិភាក្សាលើសេចក្តីព្រាង ប.ន.ព.ច នោះ ហើយភាគីពាក់ព័ន្ធដែលបានផ្តល់យោបល់មក គ.ជ.ប វិញ សរុបចំនួន ៤៣ភាគី។

ប.ន.ព.ច ដែលត្រូវបាន គ.ជ.ប សម្រេចជាផ្លូវការនោះ មាន ៧ជំពូក និងមានឧបសម្ព័ន្ធ ៥ រួមមានជំពូកដូចខាងក្រោម៖
•ជំពូកទី១ ស្តីពីបទប្បញ្ញត្តិទូទៅ។
•ជំពូកទី២ ស្តីពីការគ្រប់គ្រងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
•ជំពូកទី៣ ស្តីពីការងារបណ្តុះបណ្តាល អប់រំអ្នកបោះឆ្នោត ព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
•ជំពូកទី៤ ស្តីពីការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត។
•ជំពូកទី៥ ស្តីពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និង អ្នកសារព័ត៌មាន។
•ជំពូកទី៦​ ស្តីពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។
•ជំពូកទី៧ ស្តីពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង។
•ឧបសម្ព័ន្ធ មាន ៥ឧបសម្ព័ន្ធ។

អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១១:៣៨នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕

To Top