ព័ត៌មានជាតិ

អ្នកជាប់ពន្ធនាគារ មានសិទ្ធិទទួល បានសេវាសុខាភិបាល ដូចពលរដ្ឋទូទៅ

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា អ្នកជាប់ពន្ធនាគារគ្រប់រូប មានសិទ្ធិទទួលបានសេវាសុខាភិបាល ដូចប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើងនោះទេ ។

ការលើកឡើង របស់លោករដ្ឋមន្រ្តីនេះ នាឱកាសសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពសិទ្ធិមនុស្ស ក្នុងមណ្ឌលអប់រំកែប្រែទី២ នាថ្ងៃ៩ មករា ។ គោលបំណង សំណេះសំណាលនេះ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ក្នុងមណ្ឌលអប់រំកែប្រែ បង្កើនកិច្ចសហប្រតិបត្តិការ រវាងអន្តរស្ថាប័ន ដើម្បីរួមគ្នាក្នុងការពង្រឹង និងលើកកម្ពស់ការ ផ្តល់សេវាថែទាំសុខភាព និងអនាម័យ ដល់ជនជាប់ឃុំ តាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា “ក្រសួងសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខភាពប្រជាជន ទូទាំងប្រទេសនៅគ្រប់ទីកន្លែង រួមទាំងជនជាប់ឃុំ ក្នុងពន្ធនាគារ ពោលគឺលោកមាន សិទ្ធទទួលបានសេវាសុខភិបាល ដូចប្រជាជនទូទៅ ប្រកបដោយគុណភាព តាមតម្រូវការ ទាំងសេវាសង្រ្គោះបន្ទាន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយឥតរើសអើង”។

នាឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់អ្នកជាប់ឃុំ ត្រូវយកអារម្មណ៍ផ្លូវចិត្តឱ្យបានល្អ កែប្រែ ផ្លាស់ប្តូរជាវិជ្ជមាននិងកំណត់គោលដៅរបស់ខ្លួនឱ្យបានច្បាស់លាស់ ដោយត្រូវកាត់ផ្តាច់ពីរឿងចាស់។ សាស្រ្តាចារ្យលើកឡើងថា សុខភាពផ្លូវចិត្ត អារម្មណ៍ គឺជារឿងសំខាន់ទី១ ដែលត្រូវយកចិត្តទុកដាក់ ដូច្នេះអ្នកជាប់ ឃុំទាំងអស់ ក្នុងឱកាសឆ្នាំថ្មីនេះ សូមឱ្យមានចិត្តគំនិតថ្មី បោះជំហានទៅរកការកែលម្អ ឱ្យបានប្រសើរឡើង ដើម្បីកសាងខ្លួន គ្រួសារ និងសង្គមជាតិឱ្យកាន់ តែមានការរីកចម្រើន ។

សាស្រ្តាចារ្យ ក៏បានផ្តល់អនុសាសន៍ មួយចំនួន ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើង នូវសេវាសុខាភិបាល ក្នុងពន្ធនាគារដូចខាងក្រោម ៖

១-ថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ ចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹង សុខភាពពន្ធនាគារ ជាមួយមន្ទីរសុខាភិបាលរាជធានី ខេត្ត មូលដ្ឋានសុខាភិបាលពាក់ព័ន្ធ ក្នុងតំបន់គ្របដណ្តប់ ដើម្បីពិភាក្សាការងារ ការរៀបចំផែនការ និងការផ្តល់សេវា សុខភាព ក្នុងពន្ធនាគារឱ្យកាន់តែប្រសើរ ។
២-សហការជាមួយមន្ទីរសុខាភិបាល ក្នុងដែនសមត្ថកិច្ច ក្នុងការពង្រឹងសមត្ថភាព ប្រព័ន្ធបញ្ជូនអ្នកជំងឺ ពីពន្ធនាគារ ទៅមូលដ្ឋាន សុខាភិបាល សាធារណៈឱ្យបានទាន់ពេលវេលា ដើម្បីជាការលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវា ថែទាំសុខភាពជន ជាប់ឃុំបានល្អ ប្រសើរថែមទៀត ។ ក្រសួងសុខាភិបាល ក៏ធ្លាប់បានធ្វើសេចក្តីណែនាំ ដល់អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្នុងការពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ ក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ។
៣-ក្រសួងសុខាភិបាល ជួយគាំទ្រលើការបណ្តុះបណ្តាល បច្ចេកទេសទៅតាមជំនាញ និងចូលរួមក្នុងសិក្ខាសាលាផ្សេងៗ ទាក់ទងនឹងការងារ បច្ចេកទេសសុខាភិបាល ដល់មន្រ្តីសុខាភិបាលបម្រើការ នៅក្នុងប៉ុស្តិ៍សុខភាពពន្ធនាគារ។
៤-គាំទ្រលើការធ្វើបច្ចុប្បន្នភាព សមាសភាពថ្នាក់ដឹកនាំ និងក្រុមការងារ បច្ចេកទេសសុខាភិបាល ចំពោះប្រកាសអន្តរក្រសួង ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសសុខាភិបាលពន្ធនាគារ។
៥-ប៉ុស្តិ៍សុខភាពក្នុងពន្ធនាគារ ជាមូលដ្ឋាន សុខាភិបាលដ៏សំខាន់មួយ ដូច្នេះការរាយការណ៍ ពីករណីជំងឺតាមរយៈ មន្ទីរសុខាភិបាលរាជធានី ខេត្ត ជាការងារសំខាន់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន ក្នុងការតាមដាន និងត្រួតពិនិត្យការផ្តល់ សេវាសុខាភិបាល ៕

To Top