ខេត្តពោធិ៍សាត់៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ដែលជាទីតាំងដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សូមបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង មានប្រវែងសរុប ៥៩,៥០គ.ម ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ ផ្លូវមេចំនួន ១ ខ្សែ ប្រវែងសរុប ៨,១០ គ.ម ជាប្រភេទផ្លូវក្រាលល្បាយក្រួស (បានកសាងចប់ជាស្ថាពរនៅឆ្នាំ២០២១) និងផ្លូវក្នុងតំបន់ ចំនួន ១៣ខ្សែ ជាប្រភេទផ្លូវក្រាលល្បាយក្រួស ប្រវែងសរុប ៥១,៤០ គ.ម ។


ជាលទ្ធផល ក្នុងឆ្នាំ២០២៤ កន្លងទៅ ក្រសួងបានស្ថាបនាផ្លូវកាត់បណ្តោយបានចំនួន ២ខ្សែបន្ថែមទៀត ប្រវែងសរុប ១០,២០គ.ម ហើយក្នុងផែនការឆ្នាំ២០២៥ ក្រសួងគ្រោងនឹងស្ថាបនាកំណាត់ផ្លូវកាត់បណ្តោយ ចំនួន១កំណាត់ មានប្រវែង ៤គ.ម។ ដោយឡែកនៅសល់ផ្លូវចំនួន ៧កំណាត់ ទៀត ប្រវែងសរុប ២៧,៤០គ.ម នឹងត្រូវស្ថាបនា នៅក្នុងផែនការឆ្នាំបន្តបន្ទាប់។


ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី និងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះគ្រួសារអតីតយុទ្ធជនដែលរស់នៅទីនោះផងដែរ។

សូមរំលឹកជូនផងដែរថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង គឺជាភូមិថ្មីមួយ ដែលត្រូវបានរាជរដ្ឋាភិបាលក្នុងអាណត្តិមុនបង្កើតឡើង ក្នុងឆ្នាំ២០២១ ដើម្បីចែកដី និងលំនៅដ្ឋានជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនសរុបចំនួន ៦២៨គ្រួសារ ហើយរាជរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ន នៅតែបន្តកិច្ចការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបម្រើជូននូវសេវាសាធារណៈ ចាំបាច់ដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ទឹកស្អាត តបណ្តាញអគ្គីសនី ដើម្បីឱ្យការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ប្រកបដោយវិបុលភាព៕



