បរទេស៖ តុលាការកំពូល របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍បានច្រានចោលសំណើរបស់លោក Donald Trump ក្នុងការបញ្ឈប់ការចេញ សាកក្រមនៅក្នុងតុលាការរដ្ឋញូវយ៉ក សម្រាប់ការកាត់ទោសប្រធានាធិបតី ជាប់ឆ្នោតរូបនេះ លើការចោទប្រកាន់ពីបទឧក្រិដ្ឋ ដែលផ្តើមចេញពីប្រាក់បំបិទមាត់ ដែលបានបង់ទៅឱ្យតារាអាសអាភាស ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា តុលាការ នៅក្នុងការសម្រេចចិត្ត ៥-៤ បានបដិសេធការប៉ុនប៉ង នៅនាទីចុងក្រោយរបស់លោក Trump ដើម្បីការពារការកាត់ទោស របស់លោក ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រ វេលាម៉ោង ៩:៣០ ព្រឹក នៅតុលាការរដ្ឋញូវយ៉ក ក្នុងទីក្រុង Manhattan ។ ប្រធានចៅក្រម John Roberts និងចៅក្រមខាងអភិរក្សនិយម Amy Coney Barrett បានចូលរួមជាមួយចៅក្រមសេរីទាំងបីរបស់តុលាការគឺ Sonia Sotomayor, Elena Kagan និង Ketanji Brown Jackson នៅក្នុងភាគច្រើនរបស់តុលាការក្នុងការបដិសេធសំណើរបស់លោក Trump ។
ដីកាសង្ខេបបានផ្តល់ ហេតុផល ពីរយ៉ាងសម្រាប់ការសម្រេចចិត្ត, “ទីមួយ ការរំលោភបំពានលើភ័ស្តុតាង ដែលត្រូវបានចោទ ប្រកាន់ នៅឯការកាត់ក្តីនៅតុលាការរដ្ឋ របស់ប្រធានាធិបតី ជាប់ឆ្នោត Trump អាចត្រូវបានដោះស្រាយនៅក្នុង ដំណើរការធម្មតាលើបណ្តឹងឧទ្ធរណ៍។ ទីពីរ បន្ទុកដែលការកាត់ទោសនឹង ដាក់លើទំនួលខុសត្រូវរបស់ប្រធានាធិបតី ជាប់ឆ្នោតគឺមានភាព មិនសំខាន់ចំពោះចេតនា ដែលបានបញ្ជាក់របស់តុលាការ ក្នុងការកាត់ទោស ‘ការដោះលែងដោយគ្មានលក្ខខណ្ឌ’ បន្ទាប់ពីសវនាការតាមប្រព័ន្ធអនឡាញរយៈពេលខ្លី។
ចៅក្រមជំនុំជម្រះក្នុង សំណុំរឿងរបស់លោក Trump គឺចៅក្រម Juan Merchan បាននិយាយកាលពីសប្តាហ៍មុនថា លោកមិនមានទំនោរ ក្នុងការកាត់ទោស ប្រធានាធិបតី ជាប់ឆ្នោតពីគណបក្សសាធារណរដ្ឋឱ្យជាប់ពន្ធនាគារទេ ហើយទំនងជានឹងផ្តល់ឱ្យ គាត់នូវការ ដោះលែង ដោយគ្មានលក្ខខណ្ឌ ។ នេះនឹងដាក់ការវិនិច្ឆ័យពិរុទ្ធភាព លើកំណត់ត្រារបស់លោក Trump ប៉ុន្តែនឹងមិនដាក់ការឃុំឃាំង ការផាកពិន័យ ឬការកាត់ទោសនោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា