ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចាប់ផ្តេីមចុះបាញ់ថ្នាំសម្លាប់មូស បង្កាជំងឺគ្រុនឈាម ជូនពលរដ្ឋនៅក្នុងមូលដ្ឋាន

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយក្រុមការងារ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅដើមខែមករា ឆ្នាំ២០២៥ បានចាប់ផ្តេីមបើកយុទ្ធនាការ ចុះបាញ់ថ្នាំសម្លាប់មូស នៅមូលដ្ឋានរបស់ខ្លួន ជាបន្តបន្ទាប់ ដើម្បីបង្កានិងទប់ស្កាត់ ជំងឺគ្រុនឈាម ជូនពលរដ្ឋ តាមការចង្អុលបង្ហាញរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

ជាក់ស្ដែងអាជ្ញាធរខណ្ឌច្បារអំពៅ កាលពីថ្ងៃ ១១មករានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំឱ្យកម្លាំងសណ្ដាប់ធ្នាប់ ចុះបាញ់ថ្នាំសម្លាប់សត្វមូស តាមបណ្ដោយផ្លូវមាត់ទន្លេ ក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ និងក្នុងភូមិដើមចាន់ និងភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី ២ ។

ក្នុងឱកាសនោះលោក ចេង មុនីរ៉ា បានលេីកឡេីងថា ប្រជាពលរដ្ឋ នៅសង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ បានសម្តែងការរីករាយជាខ្លាំង នឹងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខពួកគាត់។

ចំណែកឯរដ្ឋបាលខណ្ឌចំការមនវិញ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានចាត់ឱ្យក្រុមការងាររដ្ឋបាលខណ្ឌចំការមន ចុះបាញ់ថ្នាំមូសនៅមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់ទន្លេបាសាក់។

ការបាញ់នេះ ដោយមានការចូលរួមពីកម្លាំងខណ្ឌ សង្កាត់-ភូមិសរុប ១៥នាក់ និងអ្នកបាញ់ថ្នាំ២នាក់ កាលពីល្ងាចថ្ងៃទី១០ មករា បានចាប់ផ្តេីមបាញ់នៅតាមបណ្តាភូមិ១ ភូមិ២ ក្នុងសង្កាត់ផ្សារដើមថ្កូវ និងភូមិ៩ ភូមិ១៦ ក្នុងសង្កាត់ផ្សារដើមថ្កូវ។

ក្រោយពីកម្លាំងបាញ់ថ្នាំរបស់រដ្ឋបាលខណ្ឌចំការមន ចុះទៅបាញ់ថ្នាំសម្លាប់មូសរួចរាល់ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌចំការមន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឃួង ស្រេង និងលោកកៀង ល័ក្ស អភិបាលខណ្ឌចំការមន និងក្រុមការងាររបស់រដ្ឋបាលខណ្ឌចំការមន ដែលតែងតែគិតគូរពីសុខភាពសាធារណៈរបស់បងប្អូនអាជីវករ ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងមូលដ្ឋាន​ខណ្ឌចំការមន។

ដោយឡែកនៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យកម្លាំងចុះបាញ់ថ្នាំសម្លាប់មូល តាមបណ្តោយផ្លូវរថភ្លើង បានចំនួន៣ភូមិ ស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ជាមួយគ្នានេះ នៅយប់ថ្ងៃទី១១មករា លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកាភាពខណ្ឌមានជ័យ សហការជាមួយកម្លាំងរបស់សង្កាត់ចាក់អង្រែលើ បានចុះបាញ់ថ្នាំសម្លាប់មូស ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិព្រែកតានូ និងភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកវិជ្ជបណ្ឌិត ងី មាន ហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅដើមខែមករានេះ ចាប់ពីល្ងាចថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីការិយាល័យសុខាភិបាលមេគង្គ មណ្ឌលសុខភាពគីឡូម៉ែតលេខ៦ បានសហកាណ៍ជាមួយសង្កាត់ ភូមិចុះបាញ់ថ្នាំសម្លាប់ តាមប្រឡាយ ភូមិសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ និងតាមប្រឡាយ នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ជាបន្តបន្ទាប់ បានចុះបាញ់ថ្នាំសម្លាប់មូស ពីប្រឡាយជិតកាំកូ រហូតដល់ប្រឡាយបុរីអង្គរភ្នំពេញ និងភូមិនៅក្នុងសង្កាត់ទួលសង្កែទី២ និងថ្ងៃទី៦ មករា បានចុះបាញ់ថ្នាំសម្លាប់មូស តាមប្រឡាយ និងភូមិ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។​ ចុងក្រោយថ្ងៃទី៨មករា បានបាញ់ថ្នាំមូស នៅប្រឡាយបូរីពិភពថ្មីសែនសុខ និងប្រឡាយក្រោយផ្សារAEON2 ៕

To Top