ព័ត៌មានជាតិ

មន្ដ្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើ ដើម្បីវិភាគជំងឺ មុននឹងនាំចេញក្រពើរស់ ទៅកាន់ប្រទេសចិន

ភ្នំពេញ​៖​ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវ របស់សាធារណៈរដ្ឋប្រជាមានិតចិន។​

ការចុះយកសំណាកដើម្បីវិភាគរកមេរោគនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការនាំចេញក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។

សូមជម្រាបថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឲ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនសិន។

នៅពេលដែលនាំចេញលើកទី១ទទួលបានជោគជ័យ នោះកម្ពុជានឹងមានទីផ្សារសត្វក្រពើរស់នៅប្រទេសចិន ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា៕

To Top