ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតី ក្នុងពិធីមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា នៅស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ( ៧ មករា ១៩៧៩- ៧ មករា ២០២៥) នៅស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

អង្គពិធីនេះត្រូវបានរៀបចំដាច់ដោយឡែកពីគ្នានៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ និងសាលាស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន លោក លោកស្រី សមាជិក សមាជិកា នៃក្រុមការងារចុះមូលដ្ឋានឃុំទាំង១៨ នៃស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សរុបរួមចំនួន ១ ២៩១នាក់។

ក្នុងឱកាសដ៏ឱឡារិកនោះ លោក ឆាយ ឫទ្ធិសែន បានអានសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប និងជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីសង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់ នៃរបបដ៏សាហាវយង់ឃ្នង ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ឈានទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់នៃសន្តិភាព ប្រកបដោយមោទកភាពជាទីបំផុត ដូចពេលបច្ចុប្បន្ន។

បន្ទាប់មក តំណាងអង្គមីទ្ទីងទាំងពីរ បានឡើងមានចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្ត ដើម្បីសម្ដែងនូវការគោរពដឹងគុណ និងការអរគុណយ៉ាងក្រៃលែងបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រតិបត្តិករឆ្នើមនៃនយោបាយឈ្នះឈ្នះ និងជាបិតាស្ថាបនិកមគ្គុទ្ទេសក៍ឯកនៃសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍ ព្រមទាំងបានប្តេជ្ញាចិត្តចូលរួមថែរក្សាការពារ សុខសន្តិភាព ឱ្យបានស្ថិតស្ថេរគង់វង់ ទោះអស់ក្នុងតម្លៃណាក៏ដោយ ។

តំណាងអង្គមីទ្ទីង ក៏បានប្តេជ្ញាចិត្តគាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

To Top