បរទេស៖ ប្រធានសេវាសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូងបានលាលែងពីតំណែង បន្ទាប់ពីបានព្រមានអាជ្ញាធរដើម្បីឱ្យជៀសវាង “ការបង្ហូរឈាម” នៅក្នុងការប៉ុនប៉ងណាមួយក្នុងការចាប់ខ្លួនប្រធានាធិបតីដែលត្រូវបានចោទប្រកាន់គឺលោក Yoon Suk-yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។
យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Park Jong-joon ដែលជាប្រធានសេវាសន្តិសុខប្រធានាធិបតី បានលាលែងពីតំណែងកាលពីថ្ងៃសុក្រ ចំពេលមានការស៊ើបអង្កេតលើការចោទប្រកាន់ពីការរារាំងកាតព្វកិច្ចសាធារណៈ។
ការិយាល័យរបស់ប្រធានស្តីទី Choi Sang-mok បានបញ្ជាក់ថា ខ្លួនបានទទួលយកការលាលែងពីតំណែងរបស់លោក Park បន្ទាប់ពីលោកបានបង្ហាញខ្លួនសម្រាប់ការសាកសួររបស់ប៉ូលីសកាលពីព្រឹកថ្ងៃដដែល។
ថ្លែងនៅពេលមកដល់ដើម្បីសាកសួរ លោក Park បាននិយាយថា ពលរដ្ឋជាច្រើនមានការព្រួយបារម្ភអំពីលទ្ធភាពនៃអំពើហិង្សា ប្រសិនបើក្រុមអ្នកស៊ើបអង្កេតស្វែងរកការអនុវត្តដីកាចាប់ខ្លួនមួយផ្សេងទៀតប្រឆាំងនឹងលោក Yoon ។
លោក Park បានប្រាប់អ្នកយកព័ត៌មាននៅឯទីស្នាក់ការកណ្តាលស៊ើបអង្កេតរួមក្នុងទីក្រុងសេអ៊ូលថា “ខ្ញុំបានមកទីនេះនៅថ្ងៃនេះដោយមានជំនឿថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ មិនគួរមានការប៉ះទង្គិចគ្នាខាងរាងកាយ ឬការបង្ហូរឈាមនោះទេ ហើយខ្ញុំសង្ឃឹមថានឹងការពារឧប្បត្តិហេតុបែបនេះកុំឱ្យកើតមានឡើង”។
សូមជម្រាបថា ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) និងប៉ូលីស កំពុងរៀបចំដើម្បីធ្វើការប៉ុនប៉ងជាលើកទីពីរដើម្បីឃុំខ្លួន Yoon បន្ទាប់ពីសន្តិសុខរបស់លោកកាលពីសប្តាហ៍មុនបានរារាំងអ្នកស៊ើបអង្កេតមិនឱ្យអនុវត្តដីកានៅឯលំនៅដ្ឋានការិយាល័យរបស់គាត់៕
ប្រែសម្រួលៈ ណៃ តុលា