ព័ត៌មានជាតិ

រដ្ឋមន្រ្តីសាធារណការ ចុះពិនិត្យមើលស្ថានភាពចរាចរណ៍មហាវិថី សម្តេចតេជោ ៦០ម៉ែត្រ ដើម្បីបង្ការគ្រោះថ្នាក់ និងបង្កើនសុវត្ថិភាពចរាចរណ៍

ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំថ្នាក់ដឹកនាំក្រសួង និងក្រុមការងារបច្ចេកទេស ចុះពិនិត្យមើលស្ថានភាពចរាចរណ៍មហាវិថីសម្តេចតេជោ ៦០ម៉ែត្រ ដើម្បីគូសគំនូសចរាចរណ៍ និងបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍បន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានជាយថាហេតុ ព្រមទាំងបង្កើនសុវត្ថិភាពការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ និងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកក៏បានចុះណែនាំ អប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកលើដងផ្លូវនេះ ព្រមទាំងចែកមួកសុវត្ថិភាពដល់អ្នកធ្វើដំណើរ ដើម្បីធ្វើឱ្យប្រសើរឡើងការធ្វើចរាចរណ៍ និងបញ្ជៀសគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពពេលបើកបរម៉ូតូ ពាក់ខ្សែក្រវាត់ពេលបើកបររថយន្ត និងកុំបើកបរបញ្ច្រាសផ្លូវ និងលើសល្បឿនកំណត់ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

To Top