ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានស្នើដល់ភាគីសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ កងទ័ពប្រទេសទាំងពីរ ។
ការស្នើរបស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន ធ្វើឡើងក្នុងអនុញ្ញាត ឲ្យលោកវរសេនីយ៍ទោ ខាល សលមែន (Kyle Saltzman) ប្រធានការិយាល័យ អនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ នៅអគ្គបញ្ជាការដ្ឋាន។
ក្នុងជំនួបពិភាក្សានោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ជឿជាក់ថា ក្រោមបេសកកម្មការទូត របស់លោកប្រធានការិយាល័យ អនុព័ន្ធយោធាអាមេរិកថ្មី ប្រចាំកម្ពុជា នឹងជំរុញការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរថែមទៀត ។
លោកនាយឧត្តមសេនីយ៍បានលើកឡើង ពីទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលមានតាំងពីឆ្នាំ១៩៥០ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះសហរដ្ឋអាមេរិក ដែលបានចូលរួមក្នុងដំណើរ ការបង្រួបបង្រួមជាតិ ការថែរក្សាសន្តិភាព នៅកម្ពុជានាទសវត្សរ៍៩០ ក្នុងក្របខណ្ឌរបស់អង្គការ សហប្រជាជាតិ ការរួមចំណែកអភិវឌ្ឍលើវិស័យមួយចំនួន ការផ្តល់ជំនួយ សម្រាប់លើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ និងសកម្មភាពដោះមីន នៅកម្ពុជា ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក ជាពិសេសដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកនៅកម្ពុជា និងការចូលចតនាវាកងទ័ពជើងទឹក សហរដ្ឋអាមេរិកជាដើម។ ចំណែកកងយោធពលខេមរភូមិន្ទ ក៏បានបញ្ជូនប្រតិភូទៅចូលរួមក្នុងកម្មវិធីមួយចំនួន នៅថ្នាក់តំបន់ដែលរៀបចំដោយកងទ័ពអាមេរិកផងដែរ។
នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានស្នើដល់ភាគី សហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍កងទ័ព ប្រទេសទាំងពីរ តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការបន្តរុករកអដ្ឋិធាតុជនជាតិអាមេរិក និងការពិនិត្យ លទ្ធភាពធ្វើលំហាត់ហ្វឹកហ្វឺន រួមឡើងវិញជាដើម។
ជាកិច្ចឆ្លើយតប វរសេនីយ៍ទោ ខាល សលមែន បានសម្ដែងការអរគុណ លោកអគ្គមេបញ្ជាការ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃអនុញ្ញាត ឲ្យរូបលោកចូលជួបសំដែងការគួរសម ដោយលោកសង្ឃឹមថា កងទ័ពប្រទេសទាំងពីរ នឹងធ្វើការជាមួយគ្នាឡើងវិញ ជាពិសេស ទំនាក់ទំនងយោធានិងយោធា ដែលឱកាសមានច្រើន ។
លោកវរសេនីយ៍ទោ បានលើកឡើងពីទំនាក់ទំនង រយៈពេល ៧៥ ឆ្នាំ ដែលប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក សម្រេចបាននូវ សមិទ្ធផល រួមគ្នាជាច្រើន ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែង បន្តរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជា។
លោក វរសេនីយ៍ទោ បានគូសបញ្ជាក់ថា នៅខែកុម្ភៈខាងមុខនេះ មេបញ្ជាការកងទ័ព សហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នឹងមកបំពេញទស្សនកិច្ច នៅកម្ពុជា ហើយ តាមរយៈទស្សនកិច្ចនេះលោកមេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក នឹងពិភាក្សាពីកិច្ច សហប្រតិបត្តិការទៅថ្ងៃខាងមុខ ក៏ដូចជាឱកាសនៃការចាប់ ផ្ដើមឡើងវិញនូវលំហាត់ឆ្មាំអង្គរផងដែរ ៕