ព័ត៌មានជាតិ

ភ្ញៀវទេសចរណ៍ មិនគួរមើលរំលង ខ្នងភ្នំផ្សារ ជាឋានសួគ៌ធម្មជាតិ ក្រោមមេឃ

កំពង់ស្ពឺ៖ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍កំពង់ស្ពឺ បានលើកថា ខ្នងផ្សារគឺជាឋានសួគ៌ធម្មជាតិ ដែលប្រសព្វមុំបីភ្ជាប់ខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។

ហើយយើងអាចធ្វេីដំណេីរទៅកាន់ទីនោះបាន តាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពាន ខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូម៉ែត្រទៅដល់ស្តុប តេលា(ច្បារមន)បត់ទៅស្តាំដៃហើយបន្តដំណើរ ប្រមាណ១ គីឡូម៉ែត្រទៀត នោះយេីងនឹងឃេីញផ្លូវបត់ឆ្វេង ដែលមានស្លាកសញ្ញា ប្រាប់ផ្លូវទៅស្រុកឱរ៉ាល់តាមរយៈផ្លូវលេខ៤៤ ។
លើចម្ងាយផ្លូវប្រមាណជា៥០ គីឡូម៉ែត្រ យើងនិងទៅដល់រង្វង់មូលកន្ទួត នៃស្រុកឱរ៉ាល់ នៅរង្វង់មូលនោះយើង អាចឈប់ទិញម្ហូបអាហារ ត្រីសាច់ ដើម្បីទុកបម្រុងសម្រាប់ការ ស្នាក់នៅមួយរយៈលើភ្នំខ្នងផ្សារ។បន្ទាប់មកអ្នកទេសចរណ៍ត្រូវបន្តដំណើរលើចម្ងាយផ្លូវដែលកំពុងឈូសឆាយប្រមាណ ៣៥គីឡូម៉ែត្រទៀត ។
ដោយធ្វើតំណើ កាត់តាមទេទឹកពុះ និង ទំនប់តាសាល នោះយេីងនឹងទៅដល់ភូមិមួយដែលមានឈ្មោះថាភូមិរលាក់កងជេីង ដែលជាមាត់ច្រកដែលជិត ជាងគេទៅកាន់កំពូលនៃភ្នំខ្នងផ្សារ ។

លោកបានបន្តទៀតថា មុននិងឡេីងទៅលើភ្នំខ្នងផ្សារ ភ្ញៀវទេសចរណ៍ទាំងអស់ត្រូវទៅចុះឈ្មោះ ជាមួយមន្ត្រីបរិស្ថាន នៅនិងស្នាក់ការបរិស្ថានជាមុនសិន ដេីម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងជៀសវាងបាត់សមាជិក ដោយប្រការណាមួយ។ទន្ទឹមនេះភ្ញៀវទេសចរណ៍ក៏តម្រូវ ឱ្យប្រជាសហគមន៍ទៅជាមួយផងដែរ ដេីម្បីមេីលការខុសត្រូវ ណែនាំ ការពារ ជួយស្ពាយឥវ៉ាន់ និងដាំស្លរអោយញ៊ាំផងដែរ ។
ភ្ញៀវទេសចរណ៍ទាំងអស់ អាចធ្វើដំណើរ ដោយជិះគោយន្ត សហគមន៍ពីភូមិរលាក់កងជើងទៅដល់ជេីងភ្នំ ដែលចំណាយពេល ប្រហែលជា២ម៉ោង បន្ទាប់មកត្រូវដេីរ ដោយថ្មេីរជេីងឡេីងភ្នំ ។

តាមផ្លូវមិនពិបាកណាស់ណាទេ មានដីរាប និងទួលចំណោត ប៉ុន្តែបេីឥវ៉ាន់មិនសូវធ្ងន់គឺល្អបំផុតសម្រាប់ការដើរដោយថ្មើរជើងនេះ។សម្រាប់អ្នកដេីរលឿនល្មម និងមិនសូវឈប់សម្រាកអាចចំណាយពេលប្រមាណជា៣ម៉ោងឬលេីសពីនេះតិចតួច។ក្នុងពេលថ្មើរជើងនោះដែរ ភ្ញៀវទេសចរណ៍គប្បីត្រូវដាក់ទឹកតាមខ្លួនយ៉ាងតិចម្នាក់១-២ដបធំ សម្រាប់ញាំតាមផ្លូវពេលធ្វេីដំណេីរ តែបើនៅខែវស្សា យេីងអាចច្រកទឹកសម្រាប់ញ៊ាំតាមផ្លូវបាន តែគួរមានប្រដាប់ចំរោះទឹក ឬដាំទឹកតាមផ្លូវ ។
នៅពេលដែលភ្ញៀវទេសចរណ៍ឡើងទៅដល់កំពូលភ្នំខ្នងផ្សារ នោះភ្ញៀវទេសចរណ៍ អាចគយគន់នូវទេសភាពព្រៃព្រឹក្សា អមទៅដោយសំឡេងសត្វបក្សាបក្សីស្រែកខ្ញៀវខ្ញា ធ្វើឱ្យបាត់អស់ទុក្ខកង្វល់ រសាយអស់ជាមួយបរិយាកាស ធម្មជាតិដ៏ស្រស់បំព្រងមួយនេះ។

ជាងនេះទៅទៀត ភ្ញៀវទេសចរណ៍និងគយគន់មើល ទៅឆ្ងាយបន្តិច ឃើញដុំពពកហោះកាត់ព្រៃយ៉ាងក្រាស់ ជារសជាតិថ្មីមួយបែបទៀត ដែលត្រូវបានភ្ញៀវទេសចរណ៍ ប្រសិទ្ធនាមឱ្យថាជា «ឋានសួគ៌ក្រោមមេឃ»។
ភ្ញៀវទេសចរណ៍អាចគយគន់ មើលវាលស្មៅ ស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា អង្គុយគយគន់ថ្ងៃរះ នាព្រឹកព្រលឹមស្រាងៗ និងថ្ងៃអស្តង្គតនាពេលល្ងាច ដែលទេសភាពដ៏ស្រស់ស្អាត ទាំងនេះភ្ញៀវទេសចរណ៍ គយគន់មិនចេះជិនណាយនោះឡើយ ។

សម្រាប់ការសម្រាកនៅលេីកំពូលភ្នំក្នុងដំណើរកម្សាន្ត ភ្ញៀវទេសចរណ៍ គួរតែត្រៀមតង់ឬអង្រឹង ជាមួយនឹងដំបូលឬប្លាស្ទីកគ្របដេីម្បីការពារជម្រៀបទឹកភ្លៀងឬក៏ទឹកសន្សេីម ។មិនតែប៉ុណ្ណោះក៏ត្រូវត្រៀមនូវអាវ ឬភួយក្រាស់ៗដើម្បីដណ្តប់ប្រាណផងដែរ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំងណាស់ ។ ប៉ុន្តែប្រសិនបើបងប្អូនមិនមានឬ មិនបានដាក់ទៅជាមួយទេ គឺអាចទាក់ទងជួលជាមួយ ប្រជាសហគមន៍បាន ដោយក្នុងមួយតង់តម្លៃ៤ម៉ឺនរៀល តែប៉ុណ្ណោះ និងអាចគេងបានពី២ទៅ៣នាក់ផងដែរ ។

សូមរំលឹកថា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមានបំណងឡើងទៅលើភ្នំខ្នងផ្សារ គួរតែត្រៀមនិងយកទៅជាមួយនូវអាហារក្រៀមៗទុកបានយូរនិងមានទម្ងន់ស្រាល ដូចជាត្រីងៀត ងៀតគោ និង សាច់ក្រក មីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ ហើយចំពោះអង្ករដាំបាយគឺ ទិញប្រជាសហគមន៍ នៅទីនោះបាន។មួយវិញទៀត ក្រោមការគិតគូនិងយកចិត្តទុកដាក់ពីមន្ទីរជំនាញ ពាក់ព័ន្ធនិងអាជ្ញាធរ ភ្នំខ្នងផ្សារ ត្រូវបានកសាងឱ្យមានបន្ទប់ទឹក និងបង្គន់អនាម័យសម្រាប់ការបន្ទោរបង់និងងូតទឹកសម្អាតខ្លួន៕
ដោយ៖សុខ សុភ័ណ្ឌ រូបថតមន្ទីរទេសចរណ៍

To Top