ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងបរិស្ថាន

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន» និងមានវត្តមានចូលរួមដោយ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២ជាច្រើនរូប។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ក្រោយពីក្រសួង បានធ្វើការវិភាគ មុខងារស្នូល និង មុខងាររង ដើម្បីបំពេញ និងសម្រេចបេសកកម្ម ដែលមានចែងក្នុង អនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន»ឆ្នាំ២០២១ ក្រសួងបានកំណត់ មុខងារ និងភារកិច្ចរបស់ក្រសួងចំនួន១៧។ ក្រោយពីក្រុមការងារធ្វើកំណែទម្រង់បន្ថែម ក្រសួងបានធ្វើការពិនិត្យនិង វិភាគឡើងវិញ ដោយបានផ្តុំមុខងារបញ្ចូលគ្នា ឱ្យទៅជាមុខងារស្នូលមានចំនួន៣ និងមុខងាររងមានចំនួន១៣។

លោក បន្ថែមថា មុខងារទាំងអស់នេះ ឆ្លើយតបទៅនឹងបេសកកម្ម ក្រមបរិស្ថាននិងធនធានធម្មជាតិ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ព្រមទាំងបរិបទជាក់ស្តែងចំពោះមុខ និង ទៅអនាគតផងដែរ ។

បន្ថែមពីនេះ លោក បានបង្ហាញពីទិសដៅបន្តចំនួន៣ លើការងារវិភាគ មុខងាររបស់ក្រសួងបរិស្ថាន រួមមាន៖ ១).រៀបចំផែនការជំហានបន្ទាប់របស់ក្រសួងបរិស្ថាន ផ្អែកលើផែនការយុទ្ធសាស្រ្ត ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈសម្រាប់ឆ្នាំ២០២៥-២០២៨ ២).បន្តសម្របសម្រួលពិនិត្យឡើងវិញ លើការវិភាគមុខងារស្នូល និងមុខងាររងរបស់ក្រសួង មុខងារគាំទ្រ រួចរាយការណ៍ ជូនទៅក្រុមការងារគាំទ្រ បច្ចេកទេសវិស័យសង្គមកិច្ចនៃក្រសួងមុខងារសាធារណៈ និង ៣).បន្តចូលរួមកិច្ចការប្រជុំ និងសកម្មភាពផ្សេងៗ ជាមួយក្រសួងមុខងារសាធារណៈ និងក្រុមការងារកំណែទម្រង់។ លោក សង្ឃឹមថា លទ្ធផលដែលទទួលបានពីសិក្ខា សាលានាពេលនេះ នឹងបានជាធាតុចូលដ៏ល្អៗ សំខាន់ៗ ដល់ក្រសួងបរិស្ថាន កំណត់បានទិសដៅ អាទិភាពអនុវត្តបន្ត សម្រាប់បន្តការងារពិនិត្យឡើងវិញ និងវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងបរិស្ថាន ឈានឆ្ពោះទៅសម្រេចបាន នូវសមិទ្ធផលថ្មីៗបន្ថែមទៀត ចូលរួមសម្រេចផែនការកំណែទម្រង់ រដ្ឋបាលសាធារណៈ។

សូមបញ្ជាក់ថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើង ជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួង មុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕

To Top