កំពង់ធំ ÷ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ លោក ឡង គីសឹង អភិបាលស្រុកសន្ទុក និងអាជ្ញាធររដ្ឋបាលឃុំទីពោ បានបើកកម្មវិធីនេសាទត្រី សហគមន៍ប្រចាំឃុំទីពោ នៅបឹងសហគមន៍ពោរ៍ ដែលតែងតែគោរពធ្វើជារៀងរាល់ឆ្នាំ និង មានបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឌានចូលនេសាទ យ៉ាងច្រើនកុះករ និងសប្បាយរីចរាយ ដោយប្រើឧបករណ៍នេសាទ បុរាណដូចជា សំណាញ់ អង្រុត ទ្រូ អួន ជាដើម ស្ថិតនៅឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោកអភិបាលស្រុកសន្ទុក បានលើកឡើងបន្តទៀតថា ជារៀងរាល់ឆ្នាំនៅខែមករា បងប្អូនប្រជាពលរដ្ឋ នាំគ្នានេសាទត្រីនៅក្នុងបឹងសហគមន៍ ជាទំនៀមទម្លាប់ប្រពៃណីតាំងពីបុរាណកាលមក។ នេះជាហេតុដែលធ្វើ បងប្អូនប្រជានេសាទទាំងអស់ ចូលរួមថែរក្សាការពារធនធានធម្មជាតិ មច្ឆាជាតិឱ្យបានគង់វង្ស និងរក្សានៅប្រពៃណីទំនៀមទម្លាប់ទុកឱ្យក្មេងជំនាន់ក្រោយ បានស្គាល់បានដឹង ពីនេសាទត្រីជាលក្ខណៈគ្រួសារ នៅក្នុងសហគមន៍នេះ ។
នៅក្នុងឱកាសនោះ លោកមេឃុំទីពោ បានអំពាវនាវដល់បងប្អូនចូលរួម ឱ្យបានច្រើនក្នុងថ្ងៃបើកនេសាទ និងណែនាំឱ្យបងប្អូនក្នុងមូលដ្ឋាន ចូលរួមថែរក្សាការពារ បឹងសហគមន៍ ទុកដើម្បីឱ្យមច្ឆាពងកូនបន្តពូជ ទៅថ្ងៃអនាគត់និងមិនអនុញ្ញាតិឱ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ឡើយ។
លោកបានបន្តទៀតថា កម្មវិធីនេសាទត្រី លក្ខណៈសហគមន៍នេះជារៀងរាលឆ្នាំតទៅថ្ងៃមុខទៀត និងសូមសំណូមពរដល់ថ្នាក់ដឹកនាំ ឬអង្គការដៃគូអភិវឌ្ឍនានា សូមជួយឧបត្ថម្ភ និងគាំទ្រ សហគមន៍ដែលបង្កើតឡើង ដោយប្រជាពលរដ្ឋនៅក្នុងឃុំទីពោ ដើម្បីរក្សាពូជត្រីឱ្យបានគង់វង្ស និងបន្តពូជឱ្យបានច្រើន នៅក្នុងបឹងសហគមន៍ ៕ ដោយសំនៀង