ភ្នំពេញ៖ លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រកាសថា ទោះបីជាកូនចៅអ្នកណាក៏ដោយ ឱ្យតែប្រព្រឹត្តិអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងក្មេងទំនើង នឹងចាត់វិធានការម៉ឺងម៉ាត់បំផុត ដោយគ្មានការលើកលែង។
នាឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលរយៈពេល ១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោក សេង ឌីណា រដ្ឋលេខាធិការ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មកទល់ពេលនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្តទូទាំងប្រទេស បានទទួលចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងសរុប ចំនួន២ ៣២៤ករណី បានចាត់ការរួចចំនួន១ ៧៨០ករណី ស្មើនឹង៧៦.៥៩% នៅសល់៥៤៤ ករណីស្មើនឹង២៣.៤១% ដែលកំពុងចាត់ការ។ ជនសង្ស័យសរុបទាក់ទងនឹងសំណុំរឿងក្មេងទំនើង មានចំនួន ៣៦៥០នាក់។
លោក រដ្ឋលេខាធិការ បន្ដថា ការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ក្នុងបង្ក្រាបក្មេងទំនើងនេះ បានចូលរួមចំណែកក្នុងការធានាឱ្យបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ហើយបច្ចុប្បន្ននេះ សកម្មភាពក្មេងទំនើងមានការធ្លាក់ចុះច្រើនផងដែរ។
លោក រដ្ឋលេខាធិការ បានបន្តអំពាវនាវទៅដល់ឪពុកម្តាយព្រមទាំងអាណាព្យាបាលទាំងអស់ ធ្វើយ៉ាងម៉េច តាមដានអប់រំទូន្មាន ប្រៀនប្រដៅកូន ក្មួយ ឱ្យដើរតាមគន្លងត្រឹមត្រូវ ដើម្បីក្លាយខ្លួនទៅជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។
លោក រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា «ហើយក៏សូមអំពាវនាវទៅដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ធ្វើម៉េចត្រូវប្រកាន់ភ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូ និងជៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលអាចបង្កនូវអន្តរាយដល់ខ្លួនឯង គ្រួសារ សង្គមជាតិ ជាពិសេសនឹងអាចក្លាយទៅជាអំពើល្មើសច្បាប់ដែលនាំឱ្យខ្លួនត្រូវប្រឈមនឹងការជាប់ទោសពីបទល្មើសព្រហ្មទណ្ឌ»។
លោក រដ្ឋលេខាធិការ បន្ដថា «រឿងក្មេងទំនើងនេះ គឺយើងនឹងម៉ឺងម៉ាត់ឱ្យតែធ្វើសកម្មភាពល្មើសច្បាប់ សម្មភាពទំនើងនេះ គឺយើងនឹងចាត់វិធានការតឹងរឹង ហើយនេះ គឺជាបទបញ្ជាតឹងរឹងយ៉ាងម៉ឺងម៉ាតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ដូច្នេះមិនថាជាកូនចៅអ្នកណាទេ ឱ្យតែប្រព្រឹត្តិអំពើល្មើសច្បាប់ គឺយើងនឹងចាត់វិធានការម៉ឺងម៉ាត់ ត្រឹមត្រូវ តាមផ្លូវច្បាប់ ដោយមិនលើកលែងទេ»៕