ព័ត៌មានជាតិ

ក្រុមការងារតាមដានទំព័រហ្វេសប៊ុក លោក ស សុខា និង សម្តេច ស ខេង បានទទួលដោះស្រាយ និងឆ្លើយតបចំនួន ៣៦០គណនី នៅឆ្នាំ២០២៤

ភ្នំពេញ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០២៤ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានទទួលដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីចំនួន ៣៦០គណនី និង ៩៦គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។

តាមរយៈបណ្ដាញសង្គម នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជម្រាបជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់លោក និងទំព័រហ្វេសប៊ុក សម្តេច ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងរយៈពេលពេញមួយឆ្នាំ នាឆ្នាំ២០២៤ កន្លងទៅនេះ។

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២៤ នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់លោក និងទំព័រហ្វេសប៊ុក សម្តេច ស ខេង ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ចំនួន ៦៦០គណនី។

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា គូសបញ្ជាក់ថា «ក្រុមការងារ បានទទួលដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនី ចំនួន ៣៦០គណនី និង ៩៦គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះ ក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។ វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រី ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម»។

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានកោតសរសើរមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួន ដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និងផលប្រយោជន៍។ លោក ក៏សុំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងអស់ បន្តខិតខំពន្លឿនការដោះស្រាយករណីនៅសេសសល់ និងត្រូវប្រាកដថា ដំណោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាល។

លោកឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់ទំព័រហ្វេសប៊ុករបស់លោក និងទំព័រហ្វេសប៊ុក សម្តេច ស ខេង ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកដ៏សំខាន់ជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ។

លោកឧបនាយករដ្ឋមន្ដ្រី ក៏សូមយកឱកាសនេះ សុំការអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀត ដែលក្រុមការងារ និងភាគីពាក់ព័ន្ធ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដោយសារតែករណីខ្លះមានភាពស្មុគស្មាញត្រូវទាមទារពេលវេលាក្នុងការដោះស្រាយ៕

To Top