ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្រ្តី និង ជាប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ជាងពាក់កណ្តាល សតវត្សរ៍ នៃដំណើរជីវិត របស់សម្ដេច ការលំបាកបានគ្របដណ្តប់មិនតិច ជាង៩០ភាគរយនោះឡើយ ។ ការឱ្យដឹងបែបនេះធ្វើឡើង ចំថ្ងៃខួបលើកទី៤០ឆ្នាំដែលសភា បោះឆ្នោតឲ្យសម្ដេចកាន់ តំណែងជាប្រធាន ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលពេលនេះហៅ ថានាយករដ្ឋមន្ត្រី(១៤មករា១៩៨៥-១៤ មករា២០២៥) ។
តាមរយៈបណ្ដាញសង្គម នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សម្ដេចយតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាច្រើន សន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា៖
«ថ្ងៃនេះជាខួបលើកទី៤០ឆ្នាំដែលសភា បោះឆ្នោតឲ្យខ្ញុំកាន់តំណែងជាប្រធាន ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលពេលនេះហៅ ថានាយករដ្ឋមន្ត្រី(១៤មករា១៩៨៥-១៤ មករា២០២៥) បន្ទាប់ពីបំពេញតួនាទីជា ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីទី ពីខែកញ្ញាឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្រ្តី ចាន់ ស៊ី ទៅព្យាបាល ជម្ងឺនៅទីក្រុងមូស្គូ និងទទួលមរណភាព នាខែធ្នូ១៩៨៤។
មុនកាន់តំណែងជានាយករដ្ឋមន្ត្រីខ្ញុំ កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ពីខែមករា១៩៧៩ ដល់ខែមិថុនា១៩៨១ ក្នុងវ័យ២៧ឆ្នាំ ។ ខែមីនា១៩៨១ក្នុងវ័យ២៩ឆ្នាំ ខ្ញុំ កាន់តំណែងជាអនុប្រធាន ក្រុមប្រឹក្សារដ្ឋមន្ត្រីនិង ជារដ្ឋមន្ត្រីក្រសួង ការបរទេស និងកាន់តំណែងជា ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី ក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រី ជាឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេនាពេលនោះ។
សរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំង រដ្ឋាភិបាលរហូតមកព្រឹទ្ធសភា នាពេលនេះ មានរយៈពេល៤៦ឆ្នាំ ហើយនិងប្រសិនបើគិតទាំងការតស៊ូប្រឆាំង ការឈ្លានពានរបស់បរទេស និងប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពត គឺមានរយៈពេល៥៥ឆ្នាំ(១៩៧០-២០២៥) ។
ជាងពាក់កណ្តាលសតវត្សរ៍ នៃដំណើរជីវិតការលំបាក បានគ្របដណ្តប់មិនតិចជាង៩០ភាគរយនោះឡើយ។
ខ្ញុំនៅចងចាំពាក្យ ដែលខ្ញុំថ្លែងក្នុងសភា ក្រោយជាប់ឆ្នោត ជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីថា (មិនត្រូវទុកឲ្យប្រជាជន ណាម្នាក់ស្លាប់ ដោយអត់បាយ ដែលយើងមិនបានដឹងនិងមិន បានដោះស្រាយនោះឡើយ)។ មូលហេតុដែលខ្ញុំ លើកឡើងបែបនេះ ដោយសាររដូវវស្សាឆ្នាំ ១៩៨៤មានទឹកជំនន់ផង និង រាំងស្ងួតផងដែ លធ្វើឲ្យ
ប្រជាជន ខ្វះស្បៀង យ៉ាងធ្ងន់ធ្ងរ ។
អាទិភាព នៃការងារដំបូងរបស់ខ្ញុំ គឺដោះ ស្រាយស្បៀងជូនប្រជាជន ដែលនេះគឺជាមូលហេតុមួយ ដែលជំរុញ ឲ្យខ្ញុំធ្វើការកែទម្រង់ សេដ្ឋកិច្ចដោយចាប់ផ្តើម ពីការកែទម្រង់ដីធ្លី គឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន។
ខ្ញុំសូមបង្ហាញរូបថត ពីអាយុ១៩ឆ្នាំ ២១ឆ្នាំ២៦ឆ្នាំ ៣២ឆ្នាំនិងចុងក្រោយ៧២ឆ្នាំ ដើម្បីយល់ដឹងបន្ថែម ពីដំណើរជីវិតរបស់ខ្ញុំ»៕