ព័ត៌មានជាតិ

ទូតអ៊ីរ៉ង់ ៖ វិស័យសុខាភិបាលកម្ពុជា មានវឌ្ឍនភាព យ៉ាងឆាប់រហ័សបំផុត

ភ្នំពេញ ៖ លោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ បានកោតសរសើរ និង វាយតម្លៃខ្ពស់ ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍ យ៉ាងឆាប់រហ័ស និងឥតឈប់ឈររបស់កម្ពុជា នាពេលកន្លងមក ក្នុងនោះវិស័យសុខាភិបាល ក៏ជាវិស័យមួយ ដែលមានវឌ្ឍនភាពយ៉ាងឆាប់ រហ័សបំផុតមួយផងដែរ។

ការលើកឡើងរបស់លោកទូតនេះ ក្នុងជំនួបពិភាក្សាជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃ១៣ មករា ។

ឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ជំហររបស់អ៊ីរ៉ង់ ក្នុងការពង្រឹងនិងបង្កើន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការសិក្សាលទ្ធភាព រៀបចំអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោង កិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល រួមមាន ៖ ការផ្លាស់ប្តូរចែករំលែកចំណេះដឹង និងបទពិសោធន៍នៃបច្ចេកវិទ្យាវះកាត់ដោយរ៉ូបូត ការផ្លាស់ប្តូរបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងអ្នកសិក្សាស្រាវជ្រាវ ព្រមទាំងលទ្ធភាពនៃការវិនិយោគលើការនាំចូលផលិតផលឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងវ៉ាក់សាំងផងដែរ។

សម្រាប់សាស្ត្រាចារ្យរដ្ឋមន្ត្រីវិញ បានកោតសរសើរ ដល់ការរីកចម្រើនរបស់អ៊ីរ៉ង់ និងបានបញ្ជាក់ថានឹងពិនិត្យមើលលទ្ធភាព រៀបចំកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាន ការគ្របដណ្តប់សុខភាព ជាសកលស្រប តាមផែនការ យុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ៕

To Top