ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការនៃនាយកដ្ឋាននីតិកម្ម ក្រសួងសុខាភិបាល នាថ្ងៃ១៣ មករា បានលើកឡើងថា នាយកដ្ឋាននីតិកម្មត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើកិច្ចការទាំងឡាយ និងដោយបុរេសកម្ម ដើម្បីត្រៀមខ្លួនជានិច្ចក្នុងការគិតពិចារណាទុកជាមុន សម្រាប់ដោះស្រាយរាល់បញ្ហាសំណុំរឿងដែលជួបប្រទះ ឱ្យបានជោគជ័យ ក្នុងគោលដៅពង្រីកសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនេះដែរ សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ជាគន្លឹះរួមមាន៖ នាយកដ្ឋាននីតិកម្ម ត្រូវអនុលោមភាពជាមួយបទប្បញ្ញត្តិទាំងឡាយ ដោយប្រកាន់ភ្ជាប់ភាពត្រឹមត្រូវ និងយុត្តិធម៌ , នាយកដ្ឋាននីតិកម្ម ត្រូវតែធ្វើការគ្រប់គ្រងទៅលើ កិច្ចសន្យាទាំងឡាយជាមួយស្ថាប័ន ឬដៃគូរពាក់ព័ន្ធ , ប្រយុទ្ធប្រឆាំងនឹងភាពមិនត្រឹមត្រូវ ដោយត្រូវតែពន្យល់គ្នាជានិច្ចរវាងកិច្ចសហការ និងផ្នែកពាក់ព័ន្ធដើម្បីបានយល់គ្នាក្នុងភាពសុក្រិត , នាយកដ្ឋាននីតិកម្ម ត្រូវការពារដោយផ្លូវច្បាប់ដល់អ្នកប្រើប្រាស់សេវា និងអ្នកផ្តល់សេវា , ត្រូវតែយកចិត្តទុកដាក់កំណែទម្រង់ជាយុទ្ធសាស្រ្តក្នុងការងារនីតិកម្ម ដោយសហការណ៍ជាមួយនាយកដ្ឋានឌីជីថល និងត្រូវពង្រឹងសមត្ថភាពមន្រ្តី តាមរយៈការបណ្តុះបណ្តាលបន្ត ការតាមដានត្រួតពិនិត្យលើច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់ជាតិ-អន្តរជាតិ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋាននីតិកម្ម ដែលតែងតែខិតខំយកចិត្តទុកដាក់ ក្នុងការបម្រើការងារកន្លងមក៕




