ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Kelvin MO ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក (The Asia Pacific Association Small and Medium Enterprises – APASME) អញ្ជើញដឹកនាំសហការី និងតំណាងក្រុមហ៊ុនចំនួន៩ ជាសមាជិកសមាគម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៣ មករា ។
តាមរយៈជំនួបនាឱកាសនេះ លោក Kelvin MO បានថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់ឱកាស ឱ្យរូបលោក ដឹកនាំគណៈប្រតិភូ នៃសមាគមចូលជួបពិភាក្សា និងស្វែងយល់កាន់ តែច្បាស់បន្ថែមទៀត អំពីបរិយាកាសវិនិយោគ និងលក្ខខណ្ឌបទដ្ឋានគតិយុត្តនានា សម្រាប់កិច្ចវិនិយោគនៅកម្ពុជា ក្រោយគណៈប្រតិភូធ្លាប់ បានចូលរួមក្នុងសិក្ខា សាលាផ្សព្វផ្សាយអំពីសក្ដានុពល វិនិយោគនៅក្នុងប្រទេសកម្ពុជា កាលពីអំឡុងបេសកកម្ម គោះទ្វារវិនិយោគរបស់ លោកឧបនាយករដ្ឋមន្ត្រី នៅប្រទេសកាណាដា កាលពីខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។
លើកឡើងបន្ថែមពីនេះ លោកប្រធានសមាគមសន្យា នឹងចូលរួមផ្សព្វផ្សាយឱ្យបានផុសផុលអំពីកាលានុវត្តភាពរបស់កម្ពុជា ក្នុងសមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក។
សូមបញ្ជាក់ថា សមាគមសហគ្រាសធុនតូច និង មធ្យមអាស៊ីប៉ាស៊ីហ្វិក (APASME) គឺជាអង្គការមិនរកប្រាក់ចំណេញ ដែលជំរុញលើកកម្ពស់ភាពជា ដៃគូលើវិស័យធុរកិច្ច និងការវិនិយោគ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានបេសកកម្ម សម្របសម្រួល និងជំរុញការផ្លាស់ប្តូរទំនាក់ទំនងរវាងអាជីវកម្មធុនតូច និងមធ្យម ជាមួយគ្រប់វិស័យពាក់ព័ន្ធ៕