ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តដល់ ក្រុមហ៊ុន ផលិតសំបកកង់ រថយន្ត វ៉ាន់លី ថាយអឺ (Wanli Tires) ពិនិត្យលទ្ធភាព បន្ថែមការបណ្ដាក់ទុន វិនិយោគលើ វិស័យផ្សេងទៀត នៅកម្ពុជា ដោយហេតុថា «កម្ពុជា មានកាលានុវត្តភាព វិនិយោគអំណោយផលជាច្រើន»។
ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអនុញ្ញាតឱ្យលោក Jing Guangjun ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធ Guangzhou Industrial Investment Holding Group ដែលជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុនផលិតសំបកកង់រថយន្ត វ៉ាន់លី ថាយអឺ (Wanli Tires) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៣ មករា ។
តាមរយៈជំនួបនាឱកាសនេះ លោក Jing Guangjun បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទាំងមូល ចំពោះកិច្ចសម្រួលវិនិយោគ ដែលក្រុមហ៊ុនទទួលបាន រហូតធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្តមកបណ្ដាក់ទុន វិនិយោគលើវិស័យឧស្សាហកម្មផលិត សំបកកង់រថយន្ត ក្នុងប្រទេសកម្ពុជា។
មានប្រសាន៍ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន ដែលបានជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងបានសម្រេចចិត្តមកបណ្ដាក់ទុន វិនិយោគពង្រីកខ្សែច្រវ៉ាក់ផលិតកម្ម បង្កើតរោងចក្រផលិតសំបកកង់របស់ខ្លួន ក្នុងភូមិសាស្រ្ត ខេត្តស្វាយរៀងនៃប្រទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានជូនពរឱ្យក្រុមហ៊ុនទទួល បានជោគជ័យជាបន្តបន្ទាប់ និងឈានទៅដល់ការពង្រីកផលិតកម្ម របស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យ លទ្ធភាពបន្ថែមការបណ្ដាក់ទុនវិនិយោគលើវិស័យផ្សេងទៀត នៅកម្ពុជា អាស្រ័យដោយហេតុថា «កម្ពុជាមានកាលានុវត្តភាព វិនិយោគ អំណោយផលជាច្រើន ស្របជាមួយលក្ខខណ្ឌល្អប្រសើរ នៃកិច្ចសម្រួលវិនិយោគ និងការលើកទឹកចិត្តនានា ដូចមានចែងក្នុងច្បាប់ ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា»។
សូមជម្រាបជូនថា កាលពីថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (Wanli Tires) បានបើកការដ្ឋាន សាងសង់ រោងចក្រផលិតសំបកកង់ រថយន្តរបស់ខ្លួនក្នុង តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង ជាមួយទំហំទុនវិនិយោគប្រមាណ ៥០០ លានដុល្លារអាម៉េរិក លើផ្ទៃដីប្រមាណ ៣២ហិកតា ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងជាប្រធាន ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ៕